Cc time
Cct850x100 1
Itt 0  web banner

ទេសចរណ៍ធម្មជាតិបានបង្កើតការងារផ្តល់ប្រាក់ចំណូលជូនពលរដ្ឋ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន (រូបភាព៖ ក្រសួងបរិស្ថាន)

«ទេសចរណ៍ធម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ព្រោះបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នេះ ក្នុងអំឡុងពេលដឹកនាំក្រុមការងារចម្រុះមកពីក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងមន្ទីរជំនាញចុះពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ ហិកតាចំនួន ១៦ គម្រោងនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងភូមិសាស្ត្រសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្គាល់ច្បាស់ពៅតម្លៃនៃទេសចរណ៍ធម្មជាតិ និងបានដើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានា។ ជាមួយនឹងការដើរទស្សនាកមក្សាន្ត និងការស្នាក់នៅ ភ្លក្សមុខម្ហូបរបស់ប្រជាសហគមន៍ ភ្ញៀវទេសចរបានចូលរួមផ្សព្វផ្សាយនូវទេសភាពដ៏ស្រស់ស្អាតនៃតំបន់ការពារធម្មជាតិដល់ប្រជាពលរដ្ឋផ្សេងទៀត ជាការទាក់ទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋផ្សេងទៀតឱ្យធ្វើដំណើរកម្សាន្ត។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយកករោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមានឱកាសពេញលេញក្នុងការការពារនិងអភិរក្សតំបន់ការពារធម្មជាតិ ហើយបច្ចុប្បន្ន កាន់តែមានភាពល្អប្រសើរ និងជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាបានស្គាល់កាន់តែច្បាស់នូវសក្តានុពលរបា់ប្រទេសខ្លួន និងបានស្គាល់នូវតំបន់នានាដែលមានទេសភាពល្អស្អាតជាទីទាក់ទាញ។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថា«យើងបានឃើញនិងទស្សនាទេសភាពល្អស្អាតទាំងនេះទើបតែក្នុងពេលនេះតែប៉ុណ្ណោះ គឺក្នុងសម័យកាលតេជោសន្តិភាព»។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងដូច្នេះ ដោយបានថ្លែងថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត។

ឯកឧត្តមបានថ្លែងថា ជាមួយការចូល រួមពីវិស័យឯកជនក្នុងការការពារនិងអភិរក្សធនធានធម្មជាតិតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ខេត្តកំពតដែលមួយផ្នែកគ្របដណ្តប់ដោយផ្ទៃដីឧទ្យានជាតិ នឹងមានការរីករាយ កាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត៕

រូបភាព៖ ក្រសួងបរិស្ថាន


Khcct banner

អត្ថបទទាក់ទង