Yearendyearend1140x150
Img 0571

បំពង់បឺតផលិតពីអង្ករ អាចជំនួសបំពង់បឺតផលិតដោយប្លាស្ទិច

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុន TK&D Manufacturing ក្នុងខេត្តពោធិ៍សាត់ បានដាក់ចេញនូវដំណោះស្រាយដ៏ប៉ិនប្រសប់ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក គឺ បំពង់បឺតផលិតពីអង្ករ។ ផលិតចេញពីអង្ករធម្មជាតិ និងម្សៅផ្លែឈើទាំងស្រុង បំពង់បឺតផលិតពីអង្ករដែលផលិតដោយក្រុមហ៊ុន TK&D Manufacturing កំពុងធ្វើបដិវត្តន៍ឧស្សាហកម្ម ដោយសារវាផ្តល់នូវការជំនួសបំពង់បឺតប្លាស្ទិកដែលមានជាតិពុល។

លោក ហួរ រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបាននិយាយថា ការសិក្សាដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសន្និដ្ឋានថា មានតែបំពង់បឺតដែលផលិតពីអង្ករប៉ុណ្ណោះដែលអាចជំនួសបំពង់បឺតប្លាស្ទិកធម្មតាបាន ព្រោះវាជួយដល់បរិស្ថាន និងលើកកម្ពស់សុខភាព។

បើតាមលោក ចេង ឡៃ ជាអភិបាលរងខេត្តពោធិ៍សាត់ បានឲ្យដឹងថា បំពង់បឺតស្រូវមិនប៉ះពាល់ដល់បរិស្ថាន ព្រោះវាអាចបរិភោគបានបន្ទាប់ពីប្រើរួច ឬអាចក្លាយជាជីធម្មជាតិប្រសិនបើបោះចោលលើដី។ ការរកឃើញថ្មីនេះ គឺជាកម្លាំងចលករសម្រាប់ភាពប្រសើរឡើងនៃសេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់ជីវភាពកសិករនាពេលអនាគត ព្រោះវាអាចបង្កើតឱកាសការងារនៅក្នុងតំបន់។

លោក ហួរ រិទ្ធី បានបញ្ជាក់ថា ថ្មីៗនេះខាង UNDP បានធ្វើការសិក្សាស្រាវជ្រាវមួយអំពីការស្វែងរកផលិតផលមកជំនួសផលិតផលប្លាស្ទិច។ យោងទៅតាមការស្រាវជ្រាវរបស់ខាង UNDP និងតាមការពិនិត្យជាក់ស្តែងគឺមានតែបំពង់បឺតផលិតពីអង្គរនេះទេដែលអាចមកជំនួយផលិតផលប្លាស្ទិចបាន ដែលផលិតផលមួយនេះមិនប៉ះពាល់ដល់សុខភាព និង បរិស្ថាន។

លោក ហួរ រិទ្ធី បានបន្តថា ក្នុងការផលិតបំពង់បឺតសរីរាង្គនេះគឺយើងត្រូវការវត្ថុធាតុដើម២ប្រភេទដែលមានដូចជា ម្ស៉ៅអង្ករ និង សារធាតុបង្កើតពណ៌ ដែលក្នុងនោះយើងយកផ្លែឈើមួយចំនួនមកផលិតទៅជាម្ស៉ៅ ដែលមានដូចជា ផ្លែចេក ដំឡូង ផ្លែស្វាយ ត្រាវ និងគ្រាប់កាហ្វេ។

អ្នកស្រី លាង រដ្ឋា អ្នកបម្រើការងារនៅក្រុមហ៊ុន TK&D Manufacturing បានថ្លែងថា បំពង់បឺតនេះគឺជាផលិតផលដ៏ល្អបំផុតមួយសម្រាប់ប្រទេសយើង ប្រសិនជាប្រជាជនខ្មែរប្រើប្រាស់បំពង់បឺតផលិតពីអង្ករនោះយើងអាចជួយដល់បរិស្ថានប្រទេសយើង ក៏ដូចជាកម្មករក្នុងតំបន់នេះផងដែរ។

លោក ចេង ឡៃ បានបញ្ជាក់ថា សហគ្រាសនេះគឺជាសហគ្រាសដែលផលិតផលិតផលរង្វេលជុំដែលផ្តល់ការងារដល់ប្រជាជនក្នុងតំបន់យើងនេះជាង១០០គ្រួសារ ចឹងវាពិតជាមានប្រយោជន៍ណាស់សម្រាប់តំបន់ជនបទមួយនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង