Yearendyearend1140x150

សម្តេច ហ៊ុន សែន៖កម្ពុជា«គាំទ្រអ៊ុយក្រែន»ធ្វើឡើងក្នុងនាមរដ្ឋអធិបតេយ្យ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖ ប្រទេសកម្ពុជាបានសម្រេចបោះឆ្នោតចូលរួម គាំទ្រអធិបតេយ្យភាព និង បូរណភាពទឹកដីអ៊ុយក្រែន និង ទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ។ការសម្រេចនេះ ធ្វើឡើងក្នុងនាមជារដ្ឋអធិបតេយ្យ និង ក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ។នេះបើសម្តេច ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេច ហ៊ុន សែន បានថ្លែងថា ដោយសារតែសភាពការណ៍នៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ការស្លាប់ជនស៊ីវិលកាន់តែច្រើន ហើយមហាសន្និបាតអង្គការសហប្រជាជាតិកំពុងតែដំណើរការ កម្ពុជាមានការចាំបាច់ដើម្បីបញ្ចេញនូវសកម្មភាពក្នុងក្របខណ្ឌអាស៊ានផង ក្នុងក្របខណ្ឌជាកម្ពុជាខ្លួនឯង ។

បើតាមសម្តេច ហ៊ុន សែន ក្នុងក្របខណ្ឌអាស៊ាន កំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យមានការឈប់បាញ់ ព្រោះបើមិនមានការឈប់បាញ់ទេ ជីវិតមនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះមិនអាចឈានទៅមុខបាន។

សម្តេចថ្លែងថា “ក្នុងនាមកម្ពុជាប្រទេសជាច្រើននៅក្នុងពិភពលោក កំពុងតែថ្កោលទោសទៅលើការធ្វើសង្គ្រាមពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន ។ សម្រាប់យើង យើងក៏ត្រូវគិតអំពីគោលជំហររបស់យើង ឱ្យបានច្បាស់។ ដោយមានការស្នើសុំពីជប៉ុន បារាំង អាល្លឺម៉ង់ និងផ្នែករបស់សហរដ្ឋអាមេរិក ហើយដោយយល់ឃើញថា វាមានការចាំបាច់ យើងសំរេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ដែលនេះគឺជាជំហរដោយឡែករបស់កម្ពុជា ។”

សម្តេច ហ៊ុន សែន មានក្តីសង្ឃឹមថា រុស្ស៊ីនឹងយល់ពីកម្ពុជា តែកម្ពុជាមិនគាំទ្រឱ្យមានការបំបែករដ្ឋ នេះជាចំណុចទី ១។ ឯចំណុចទី ២ គឺកម្ពុជាមិនគាំទ្រទៅលើការប្រើប្រាស់កំលាំង និងការត្រៀមដើម្បីប្រើប្រាស់កំលាំង ឬគំរាមកំហែងនូវការប្រើប្រាស់កំលាំង។

សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុជាជារដ្ឋអធិបតេយ្យ កម្ពុជាមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌ ក៏ត្រូវមានការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា ដែលបានចូលរួមជា Co-Sponsors បានសម្រេចបោះឆ្នោតគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន និងទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ការបង្ហាញការគាំទ្ររបស់កម្ពុជាទៅលើអ៊ុយក្រែននេះ បានធ្វើឡើងអំឡុងពេលនៃកិច្ចប្រជុំពិសេសបន្ទាន់មួយរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ខណៈប្រទេសដែលជាមិត្តភក្តិជិតស្និទ្ធកម្ពុជាមួយចំនួនទៀតដូចជាចិន វៀតណាម ឡាវ បោះឆ្នោតអនុប្បវាទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង