Yearendyearend1140x150

ការនាំចេញអង្កររបស់កម្ពុជាកើនឡើងជាង៣៥ភាគរយក្នុងរយៈពេល២ខែដើមឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

ភ្នំពេញ៖ បរិមាណអង្ករកម្ពុជាដែលបាននាំចេញមានចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

បើតាមរបាយការណ៍ ក្នុងចំនួនសរុបនៃការនាំចេញអង្ករកម្ពុជា ក្នុងនោះបរិមាណអង្ករដែលបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន (កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន(កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,៤៣%) និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន (ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង -១៩,២៣%)។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២%) និងក្រុមហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨%)។ នេះបើតាមរបាយការណ៍។

ជាមួយគ្នានេះ កម្ពុជាក៏មានកំណើនក្នុងការនាំចេញស្រូវផងដែរ។ បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។

ជាមួយគ្នានេះ បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើងចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅ ៥២ ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង