Yearendyearend1140x150

ក្រុមយុវជនCAMPSDA​ រៀបចំការប្រកួត"និយាយជាសាធារណៈនិងការតស៊ូមតិ" នៅថ្ងៃទី២៦-២៧កុម្ភៈ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សមាគមនិយាយជាសាធារណៈ និងតស៊ូមតិនៅកម្ពុជា (Cambodia Public Speaking and Debate Association) ហៅកាត់ថា CAMPSDA នឹងរៀបចំកម្មវិធីប្រកួត"ការនិយាយជាសាធារណៈ និងការតស៊ូមតិ" ជាភាសាអង់គ្លេស ដែលមានឈ្មោះជាថា CAMPSDA National Invitation Debate Open 2022។ កម្មវិធីប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧កុម្ភៈ ដែលមានការចូលរួមពីក្រុមបេក្ខភាពប្រកួតប្រជែងទាំង៦ក្រុមមកពីវិទ្យាល័យទាំង៦ក្នុងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង។

យុវជន មាស សុបញ្ញា ជាសិស្សថ្នាក់ទី១១ នៃសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ និងជាសហការរីរបស់ CAMPSDA បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គោលបំណងក្នុងការបង្កើត សមាគមនិយាយជាសាធារណៈ និងតស៊ូមតិនៅកម្ពុជា (CAMPSDA ) គឺដើម្បីឲ្យសិស្ស និស្សិតកម្ពុជាបានសិក្សាបន្ថែម អភិវឌ្ឍន៍ចំណេះដឹង និងពង្រឹងសមត្ថភាព ក្នុងការតស៊ូមតិ និងនិយាយជាសាធារណៈ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ យុវជន បញ្ញា បានបន្ថែមថា បេក្ខជនដែលចូលរួមប្រកួត ការតស៊ូមតិជាភាសាអង់គ្លេស អាចទទួលបានការពង្រឹងចំណេះដឹងនៃការនិយាយជាសាធារណៈ និងការតស៊ូមតិបន្ថែមទៀត។

យុវជន សុបញ្ញា បានឲ្យដឹងទៀតថា ចំពោះកម្មវិធីប្រកួតប្រជែងនេះ CAMPSDA បានផ្ញើលិខិតអញ្ជើញទៅកាន់វិទ្យាល័យជាច្រើន ដើម្បីត្រៀមបញ្ចូនសិស្សចូលរួមប្រកួតក្នុងកម្មវិធី"ការនិយាយជាសាធារណៈ និងការតស៊ូមតិ" ជាភាសាអង់គ្លេស នៅថ្ងៃទី២៦-២៧កុម្ភៈ។ បច្ចុប្បន្ន CAMPSDA បានទទួលសិស្សមកពីវិទ្យាល័យចំនួន៦ មានដូចជា សាលាអន្តរជាតិផារ៉ាហ្គន សាលាអន្តរជាតិអាយស៊ីអេស សាលាអន្តរជាតិអាមេរិកាំង សាលាអន្តរជាតិវេសស្ទើន សាលាជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យហ៊ុនសែនស្វាយអន្ទរ នៃខេត្តស្វាយរៀង។

យុវជន សុបញ្ញា បានបន្តថា លក្ខខណ្ឌក្នុងការប្រកួតក្នុងកម្មវិធី"ការនិយាយជាសាធារណៈ និងការតស៊ូមតិ" គឺតម្រូវឲ្យក្រុមប្រកួតធ្វើការតស៊ូមតិ ជជែកទាក់ទងនឹងប្រធានបទដូចជា ច្បាប់អន្តរជាតិ នយោបាយ សហភាពអឺរ៉ុប សិល្បៈ និងការកម្សាន្ត ជាដើម។ សម្រាប់ក្រុមដែលទទួលបានជ័យលេភី នឹងទទួលបានរង្វាន់ធំពីរ ពានរង្វាន់ធំជាងគេគឺក្រុមដែលបានពិន្ទុច្រើនជាងគេក្នុងចំណោមក្រុមទាំង៦ និងពានរង្វាន់បន្ទាប់គឺក្រុមដែលបានពិន្ទុទាបជាងក្រុមជ័យលេភីលេខ១ និងពានរង្វាន់បន្ទាប់ទៀតគឺ Best Speaker ដែលជាសិស្សដែលធ្វើការតស៊ូមតិ និងនិយាយបានល្អជាងគេ។

បន្ថែមលើនេះ យុវជន បញ្ញា បានបន្ដថាបេក្ខភាព ដែលចូលរួមការប្រកួតនឹងទទួលបាននៅវិញ្ញាបនបត្រ មេដាយ ពានរង្វាន់ និងប្រាក់លើកទឹកចិត្តទៅតាមសម្ថភាពរបស់បេក្ខភាពផងដែរ។ បន្ថែមពីនេះទៀត ក្រុមដែលទទួលបានជ័យលាភី និងក្លាយទៅជាក្រុមតំណាង CAMPSDA នៃកម្ពុជា ដើម្បីចូលរួមការប្រកួតលើឆាកអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា CAMPSDA ធ្លាប់បានរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីររួចមកហើយ។ ដោយឡែកព្រឹត្តិការណ៍នៃការតស៊ូមតិ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៦-២៧ ខែកុម្ភៈខាងមុខនេះ គឺជាព្រឹត្តិការណ៍ធំទីបីរបស់ CAMPSDA។ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ កម្មវីធីនេះ នៅថ្ងៃទី២៦កុម្ភៈ នឹងប្រព្រឹត្តទៅតាមអនឡាញ រីឯថ្ងៃទី២៧កុម្ភៈនឹងអាចរៀបចំនៅឯសាលាជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង