Cc time
Cct850x100 1
Itt 0  web banner

កិច្ចប្រជុំចង្អៀត«រដ្ឋមន្រ្តីការបរទេសអាស៊ាន»ចាប់ផ្តើមដោយអវត្តមានមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កិច្ចប្រជុំចង្អៀត«រដ្ឋមន្រ្តីការបរទេសអាស៊ាន» កាលពីឆ្នាំ២០២០ នៅរៀតណាម។

ភ្នំពេញ៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការហើយនៅថ្ងៃទី ១៦ កុម្ភៈនេះ នៅរាជធានីភ្នំពេញ ដោយរដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ានចំនួន៧ប្រទេស នឹងចូលរួមប្រជុំដោយផ្ទាល់នៅកម្ពុជា ខណៈរដ្ឋមន្រ្តីការបរទេសថៃ និងព្រុយណេ នឹងចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំនេះ ធ្វើឡើងដោយអវត្តមានប្រទេសភូមា។នេះបើតាមលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដឹងនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា។

ក្នុងកិច្ចប្រជុំនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្រ្ត-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន។

តែយ៉ាងណាក៏ដោយ កិច្ចប្រជុំចង្អៀត«រដ្ឋមន្រ្តីការបរទេសអាស៊ាន»មិនអញ្ជើញរដ្ឋមន្ត្រីការបរទេសភូមាចូលរួមកិច្ចប្រជុំនោះទេ ក្រោមហេតុផលថា ដោយសារមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា។

គួរបញ្ជាក់ថា កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM Retreat) ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី ១៨-១៩ ខែមករា​ ឆ្នាំ​២០២២​ ខាងមុខនៅ​ខេត្តសៀមរាប​ ត្រូវបាន​កម្ពុជា​ ដែល​ជាប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ២០២២​នេះជូនដំណឹង​ថា ​លើក​ទៅធ្វើ​នាពេល​ក្រោយ​វិញ​។​ ជុំវិញការ​លើកពេល​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថាមក​ពីហេតុផល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាច្រើនរូប​ មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​។ ទោះយ៉ាងណា​ ការលើក​ពេលកិច្ច​ប្រជុំ​ដ៏សំខាន់នេះ​ ត្រូវ​អ្នក​តាមដានសភាពការណ៍​នយោបាយ​អាស៊ាន​ និងភូមា​ មើល​ឃើញ​ហេតុផល​ច្រើន​ជាងអ្វី​ដែល​ក្រសួងការបរទេស​កម្ពុជា​លើកឡើង​ទៅទៀត៕

Khcct banner

អត្ថបទទាក់ទង