Yearendyearend1140x150
Img 0571

ព្រះមហាក្សត្រខ្មែរវាយតម្លៃខ្ពស់ចំពោះទស្សនវិជ្ជាអភិបាលកិច្ចដែលផ្តោតលើប្រជាជនរបស់ប្រទេសចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ នាវេលាល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យទទួលព្រះរាជសវនការជាមួយ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។

ស្ថិតក្នុងព្រះរាជសវនការដ៏វិសេសវិសាលនោះ ឯកឧត្តម Wang Yi បានពាំនាំមកនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានាធិបតី Xi JinPing និងលោកជំទាវ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ។

ឯកឧត្តម Wang Yi បានមានប្រសាសន៍ថាមិត្តភាពចិន - កម្ពុជា គឺជាមិត្តភាពដែលមិនអាចបំបែកបាន និងបានទប់ទល់ទៅនឹងការសាកល្បង នៃការផ្លាស់ប្តូរអន្តរជាតិ ហើយវាអាចត្រូវបានគេហៅថាជាគំរូនៃការផ្លាស់ប្តូររវាងប្រទេសនិងរដ្ឋ។ព្រះករុណា ព្រះមហាក្សត្រ បានទទួលមរតកជាប្រពៃណីដ៏មានតម្លៃ នៃសម្តេចព្រះ នរោត្តម សីហនុ ជាមួយប្រទេសចិន និងបានចូលរួមចំណែកយ៉ាងសំខាន់ៗ ក្នុងការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា - ចិន ឲ្យកាន់តែមានភាពល្អប្រសើរ។ ដោយឈរលើមូលដ្ឋាននៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការកសាងសហគមន៍ នៃវាសនារួមគ្នា និងឈានទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន៍រួម និងវិបុលភាពរួមគ្នារវាងចិននិងកម្ពុជា។

ឯកឧត្តម Wang Yi បានបន្តទៀតថាបន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺរលាកសួតប្រភេទថ្មី ( COVID-19 ) ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តមប្រធានាធិបតី Xi JinPing រដ្ឋាភិបាលចិនបានចាត់ទុកជីវិតប្រជាជន សុខភាព និងសុវត្ថិភាព ជាអាទិភាពហើយបានយកអំណាចរបស់ប្រទេសចិនចាត់វិធានការការពារ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត រហូតទទួលបានជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលប្រកបដោយប្រសិទ្ធភាព។ភាគីចិនមានសេចក្តីរីករាយដោយឃើញថាក្រោមម្លប់បារមីរបស់ ព្រះករុណា ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជាក៏មានការជឿនលឿនទៅមុខគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

ឯកឧត្តម Wang Yi ជឿជាក់ថាប្រជាជនកម្ពុជានឹងជៀសផុតពីការរីករាលដាលនៃជំងឺនេះ។ ទន្ទឹមនឹងនេះទាំងចិន និងកម្ពុជា នៅតែប្រឈមនឹងហានិភ័យនិងបញ្ហាប្រឈមនៃការងើបឡើងវិញនៃជំងឺនេះ ចំពោះប្រជាជនក្នុងស្រុក និងការនាំចូលពីខាងក្រៅ។ ភាគីទាំងពីរ គួរតែពង្រឹងថែមទៀតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការការពារ និងគ្រប់គ្រង ហើយស្ដារឡើងវិញនូវជីវិតសេដ្ឋកិច្ច និងសង្គម ក្នុងខណៈពេលដែលប្រកាន់ខ្ជាប់នូវការការពារនិងការត្រួតពិនិត្យ ចំពោះការរីករាលដាលនៃជំងឺ COVID-19 ។

ឯកឧត្តម Wang Yi បានមានប្រសាសន៍បន្តទៀតថានៅពេលដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតរបស់ប្រទេសចិន ប្រទេសកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងរឹងមាំជូនដល់ប្រទេសចិន។ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសម្តែងសមានទុក្ខចំពោះ ឯកឧត្តមប្រធានាធិបតី Xi JinPing និងបានផ្តល់ជំនួយជាសាច់ប្រាក់។ ក្នុងខណៈពេលដែល ព្រះករុណា ព្រះមហាក្សត្រ ទ្រង់គង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានី ប៉េកាំង ព្រះអង្គបានសព្វព្រះរាជហឫទ័យបង្ហូតទង់ព្រះមហាក្សត្រត្រឹមពាក់កណ្តាលដង នៅមុខព្រះរាជដំណាក់ ដើម្បីកាន់ទុក្ខដល់អ្នកស្លាប់ដោយសារជំងឺ COVID-19។ ចំណែកឯ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានៅព្រះបរមរាជវាំងនៃប្រទេសកម្ពុជា ដើម្បីបួងសួងដល់ប្រជាជនចិន។ ដំណើរទស្សនកិច្ចរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទៅកាន់ប្រទេសចិនក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំង។ ភាគីចិន និងចងចាំជានិច្ចនូវចំណុចនេះ។ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ COVID-19 ក្នុងប្រទេសកម្ពុជា ប្រទេសចិន ក៏មានអារម្មណ៍ដូចគ្នា ហើយបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រឆាំងនឹងការរាតត្បាត របស់រដ្ឋាភិបាលនិងក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តយោធាដំបូងគេរបស់ពិភពលោកមកប្រទេសកម្ពុជា ហើយបានផ្តល់ឱ្យកម្ពុជានូវសំភារៈប្រឆាំងនឹងការរាតត្បាតជាបន្ទាន់ផងដែរ។ អ្វីៗទាំងនេះតំណាងឱ្យប្រពៃណីមិត្តភាព នៃការគាំទ្រនិងជួយគ្នាទៅវិញទៅមករវាងចិននិងកម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានការសួរសុខទុក្ខយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមប្រធានាធិបតី Xi JinPing និងលោកជំទាវ ។ ព្រះអង្គ ស្តេចមានព្រះរាជឱង្ការថា ខ្ញុំនឹងបន្តទៅមុខតាមផ្លូវចំណងមិត្តភាពកម្ពុជា - ចិន ដែលបានកសាងដោយ សម្តេចព្រះ នរោត្តម សីហនុ និងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសចិន បន្តមរតក និងអភិវឌ្ឍមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនងកម្ពុជា - ចិន នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយមិត្តភាពប្រជាជននឹងបន្តកាន់តែស៊ីជម្រៅថែមទៀតផងដែរ។

ព្រះករុណា ព្រះមហាក្សត្រ បានអបអរសាទរប្រទេសចិន ចំពោះសមិទ្ធិផលសំខាន់ៗដែលសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19 ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing និងបានវាយតម្លៃខ្ពស់ចំពោះទស្សនវិជ្ជាអភិបាលកិច្ចដែលផ្តោតលើប្រជាជនរបស់ប្រទេសចិន និងបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ភាគីកម្ពុជា មានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍នៃការការពារការឆ្លងរាលដាលជាមួយប្រទេសចិន និងការពារសុវត្ថិភាពដល់ជីវិតប្រជាជន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង