Yearendyearend1140x150
Img 0571

ខេត្តដំបូងរបស់កាណាដាត្រូវបានលុបចោលការចាក់វ៉ាក់សាំងកាតព្វកិច្ច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ខេត្តដំបូងរបស់កាណាដាត្រូវបានលុបចោលការចាក់វ៉ាក់សាំងកាតព្វកិច្ច ប្រភពរូប៖ RT

កាណាដា៖ ខេត្ត Saskatchewan របស់ប្រទេសកាណាដា បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបញ្ឈប់ការទាមទារកាចាក់វ៉ាក់សាំង និងការពាក់ម៉ាស់ទៀតហើយ។ ដោយការសម្រេចនេះ កើតឡើងនៅពេលដែលនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានទទូចលើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងកាតព្វកិច្ច ចំពេលការតវ៉ារបស់អ្នកបើកបរ ដែលកំពុងកាន់កាប់រដ្ឋធានី អូតាវ៉ា។

ខេត្តវាលស្មៅដែលស្ថិតនៅចន្លោះ Alberta និង Manitoba បាននិយាយថា ខ្លួននឹងឈប់ទាមទារលិខិតឆ្លងដែនវ៉ាក់សាំងចាប់ពីសប្តាហ៍ក្រោយ ហើយអនុញ្ញាតឱ្យការពាក់ម៉ាស់ផុតកំណត់នៅចុងខែកុម្ភៈ។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តដំបូងគេរបស់កាណាដា ដែលផ្តល់ផែនទីបង្ហាញផ្លូវដើម្បីបញ្ចប់ការរឹតបន្តឹងកូវីដ១៩។

ទោះជាយ៉ាងនេះក្តី នាយករដ្ឋមន្រ្តី Scott Moe បានជំរុញឱ្យប្រជាជនកាណាដាកុំ "វិនិច្ឆ័យ" អ្នកជិតខាងរបស់ពួកគេលើស្ថានភាពនៃការទទួលវ៉ាក់សាំងបង្ការរបស់ពួកគេ។ លោក Moe បាននិយាយបន្ថែមថា ប្រជាជនគួរតែមានសិទ្ធិសម្រេចចិត្ត «ថាតើត្រូវចាក់វ៉ាក់សាំងឬអត់ ហើយ រដ្ឋាភិបាលនេះនឹងគោរពសិទ្ធិនោះ»។

ខេត្តមួយទៀត គឺ Alberta ក៏បានផ្លាស់ប្តូរដើម្បីលុបចោលការរឹតបន្តឹងកាលពីថ្ងៃអង្គារ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដោយអ្នកស្រុកនឹងមិនត្រូវបានតម្រូវឱ្យផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការនៅកន្លែងសាធារណៈទៀតទេ ហើយចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយ កុមារដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅនឹងមិនត្រូវបានតម្រូវឱ្យចាក់វ៉ាក់សាំង និង ពាក់ម៉ាស់ទៀតទេ។

ការប្រកាសនេះធ្វើឡើងចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងដោយអ្នកបើកបរឡានដឹកទំនិញទូទាំងប្រទេសកាណាដាប្រឆាំងនឹងការចាក់វ៉ាក់សាំងកាតព្វកិច្ច និងការរឹតបន្តឹង Covid-19 ផ្សេងទៀត។ រថយន្តដឹកទំនិញមួយក្រុមបានបិទស្ពានដ៏មមាញឹកបំផុតរវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ រវាងទីក្រុង Windsor, Ontario និងទីក្រុង Detroit រដ្ឋ Michigan ។

អ្នកដឹកទំនិញ និងកសិករបាននឹងកំពុងបិទផ្លូវឆ្លងកាត់រវាង Alberta និង Montana អស់រយៈពេលជិតពីរសប្តាហ៍។ ខណៈ “ក្បួនដង្ហែសេរីភាព” ដ៏ធំមួយដែលបានបើកឆ្លងកាត់ប្រទេស ហើយបានមកជួបប្រជុំគ្នានៅអូតាវ៉ាកាលពីថ្ងៃទី ២៩ ខែមករា នៅតែស្ថិតក្នុងរដ្ឋធានីរបស់ប្រទេសកាណាដាតាំងពីពេលនោះមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង