Yearendyearend1140x150

អង្គការអនាគតចែកកូនស្វាយចន្ទីដល់កសិករខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Ben Davis ជាអ្នកការពារព្រៃឈើក្នុងខេត្តព្រះវិហារ។

ព្រះវិហារ៖ អង្គការអនាគត (OF) បានចាប់ផ្តើមកម្មវិធីមួយ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តព្រះវិហារ តាមរយៈការចែកចាយកូនស្វាយចន្ទីជាង ៦០០០០ ដល់ប្រជាកសិករ។ កម្មវិធីនេះព្យាយាមបង្ហាញដល់កសិករ និងអ្នកភូមិនូវវិធីផ្សេងៗគ្នា និងជួយពួកគេការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។

លោក Ben Davis ជាអ្នកការពារព្រៃឈើក្នុងខេត្តព្រះវិហារ បាននិយាយថា កម្មវិធីនេះក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ ព្រោះវានឹងរារាំងការកាប់បំផ្លាញព្រៃឈើ។ លោកបញ្ជាក់ថា បញ្ហាកាប់បំផ្លាញព្រៃឈើអាចដោះស្រាយបានតាមរយៈការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ រឹតបណ្តឹងច្បាប់ និងបង្កើនប្រាក់ចំណូលដល់កសិករ។

លោក Ben Davis បានថ្លែងថា បច្ចុប្បន្នអង្គការអនាគត (OF) មានកម្មវិធី៣សម្រាប់ការកាត់បន្ថយការរុករានព្រៃរបស់ប្រជាជនក្នុងតំបន់នេះ។ កម្មវិធីទាំងបីនេះសំខាន់ណាស់ ប្រសិនអត់មួយណាក៏មិនអាចទទួលបានប្រសិទ្ធិភាពដែរ។ ទីមួយគឺផ្តល់ការអប់រំ ដើម្បីឱ្យពួកគេយល់ដឹងពីសារៈប្រយោជន៍ព្រៃឈើ។ ទីពីរគឺ កម្មវិធីអនុវត្តន៍ច្បាប់អោយមានប្រសិទ្ធិភាព។ ទីបីគឺជួយឱ្យប្រជាជនមានចំណូលបន្ថែមតាមរយៈការប្រកបរបរផ្សេងៗ ដោយមិនកាប់បំផ្លាញព្រៃឈើ។

អង្គការអនាគត (OF) ជួយឧបត្ថម្ភ កូនដើមស្វាយចន្ទីដល់ប្រជាជន ព្រោះយល់ថា ប្រសិនជាមានដើមឈើច្រើនអាចនឹងល្អសម្រាប់បរិស្ថាន អាចជួយដល់ការបម្រែបម្រួលអាកាសធាតុ។ ទាំងឆ្នាំមុននិងឆ្នាំនេះអង្គការបានឧបត្ថម្ភកូនស្វាយចន្ទីចំនួន ៦០ ០០០ដល់ប្រជាជនក្នុងសហគមន៍ ដែលមាន៤ភូមិសម្រាប់ឆ្នាំមុន និង ៧ភូមិសម្រាប់ឆ្នាំនេះ។

ចំណែកលោកស្រី Sharyn Davis នាយិកាអង្គការអនាគត បានថ្លែងថា នៅតំបន់នេះឃើញមានចម្ការស្វាយចន្ទីច្រើន ដូច្នេះអង្គការក៏ឧបត្ថម្ភកូនស្វាយចន្ទីឲ្យប្រជាពលរដ្ឋ។ ប្រិសនជាអង្គការឧបត្ថម្ភអ្វីផ្សេង នោះត្រូវចំណាយពេលច្រើនដើម្បីបង្រៀនពលរដ្ឋ ហើយត្រូវរកទីផ្សារថែមទៀត។ ស្វាយចន្ទីមានទីផ្សាររួចហើយនៅទីនេះ ដូច្នេះទើបអង្គការបន្តឧបត្ថម្ភដល់ប្រជាកសិករ។

លោកស្រី Sharyn Davis បានបន្ថែមថា «សម្រាប់ប្រជាជនដែលរស់នៅទីនេះ ហើយជិតតំបន់ការពារ នៅពេលដែលពួកគេរវល់ច្រើនទៅលើការមើលថែចម្ការស្វាយចន្ទីរបស់ពួកគេ នោះពួកគេនឹងមិនទៅកាប់បំផ្លាញព្រៃដែលយើងការពារនោះទេ។»


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង