Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាផលិត«មាស»ក្នុងខេត្តមណ្ឌលគិរីបានចំនួន ១៧៥១គីឡូ រយៈពេលជាង៦ខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសថា ក្នុងរយៈពេលជាង៦ខែ កម្ពុជាផលិតមាសបាន ១៧៥១គីឡូ ក្នុងខេត្តមណ្ឌលគិរី។ សម្តេចថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង៣៣លានដុល្លារអាមេរិក។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា បើតាមរបាយការណ៍ដែលសម្តេចទទួលបានពីខាងក្រសួងរ៉ែ និងថាមពល ជាទូទៅក្នុងមួយសប្តាហ៍ កម្ពុជាផលិតមាសបាន៨០-១០០គីឡូ។ សម្តេចបានបញ្ជាក់ថា សម្តេចបានដាក់គោលដៅ ប៉ូលសេដ្ឋកិច្ចនៅទិសឦសាន្តគឺកសិឧស្សាហកម្ម និងធនធានរ៉ែរបស់កម្ពុជា។

សម្តេច ហ៊ុន សែន បានបន្តថា កម្ពុជាមិនទាន់ស្រាវជ្រាវអំពីរ៉ែ មាស អស់នៅឡើយ កម្ពុជានៅមានរ៉ែបុកស៊ីត ធ្យូងថ្ម កន្លែងផលិតមាសដទៃទៀតដែលកម្ពុជាមិនទាន់ប្រើប្រាស់នៅឡើយទេ ពោលគឺកម្ពុជាទើបតែចាប់ផ្តើមផលិតមាសក្នុងរយៈពេលជាង៦ខែ កន្លងមកនេះ។ គិតមកដល់ពេលនេះ មាសមិនទាន់ទៅជាទឹកដប់នៅឡើយ មានចំនួន១៧៥១គីឡូ។ ដុំមាសដែលកម្ពុជាផលិតបាននឹងដឹកជញ្ជូនដើម្បីធ្វើការបន្សុទ្ធនៅប្រទេសអូស្រ្តាលី។

សូមជម្រាបថា  គិតមកដល់ពេលនេះ ដំណើរការចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Mineral (Cambodia) Co.,Ltd. វិវឌ្ឍទៅមុខយ៉ាងរលូន តាមផែនការផលិតកម្មរបស់ក្រុមហ៊ុន ។ ផលិតផលដុំមាសដែលចម្រាញ់បាន ពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ បានយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាសដែលមានទីតាំងនៅប្រទេសអូស្រ្តាលី ដើម្បីផលិតបានជាមាសទឹក៩៩%។ នេះបើតាមលោក អ៊ឹង ឌីប៊ូឡា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍កន្លងមក។

ជាមួយគ្នានេះ លោក អ៊ឹង ឌីប៊ូឡា ក៏បានឲ្យដឹងដែរថា ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែ លោហៈចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦មកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម៕

Khcct banner

អត្ថបទទាក់ទង