Yearendyearend1140x150

ចិន និងរុស្ស៊ីចាប់ដៃគ្នាប្រឆាំងជាមួយលោកខាងលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី នៅថ្ងៃបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” ដោយគាំទ្រគ្នាទៅវិញទៅមកលើការប្រឈមមុខដាក់គ្នាលើអ៊ុយក្រែន និងតៃវ៉ាន់ ជាមួយនឹងការសន្យាសហការគ្នាបន្ថែមទៀតប្រឆាំងនឹងលោកខាងលិច។

ប្រធានាធិបតី Xi Jinping បានធ្វើជាម្ចាស់ផ្ទះទទួលលោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃសុក្រ ខណៈដែលប្រទេសទាំងពីរបាននិយាយថាទំនាក់ទំនងរបស់ពួកគេគឺល្អជាងសម្ព័ន្ធមិត្តសម័យសង្រ្គាមត្រជាក់ណាទាំងអស់ ហើយពួកគេនឹងធ្វើការរួមគ្នាបច្ចេកវិទ្យាលើលំហអាកាស ការប្រែប្រួលអាកាសធាតុ បញ្ញាសិប្បនិម្មិត និងការគ្រប់គ្រងអ៊ីនធឺណិត។

ទីក្រុងប៉េកាំងបានគាំទ្រការទាមទាររបស់រុស្ស៊ីដែលថាអ៊ុយក្រែនមិនគួរត្រូវបានបញ្ចូលទៅក្នុងអង្គការណាតូ ខណៈដែលវិមានក្រឹមឡាំងប្រមូលផ្តុំកងទ័ពចំនួន ១០០,០០០ នាក់នៅជិតប្រទេសជិតខាងរបស់ខ្លួន ស្របដែលទីក្រុងមូស្គូបានប្រឆាំងនឹងគ្រប់ទម្រង់នៃឯករាជ្យភាពសម្រាប់តៃវ៉ាន់ ដែលធ្វើឲ្យលោកខាងលិចថ្កោលទោសប្រទេសមហាអំណាចយក្សទាំងពីរនេះជាខ្លាំង។ ប្រទេសទាំងពីរនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា មិត្តភាពរវាងរដ្ឋទាំងពីរគ្មានដែនកំណត់ គ្មាននរណាអាចហាមឃាត់កិច្ចសហប្រតិបត្តិការប្រទេស ចិន និង រុស្សីបានឡើយ។ កិច្ចព្រមព្រៀងនេះកំណត់យ៉ាងលម្អិត និងអះអាងនៃការការសម្រេចចិត្តរបស់រុស្ស៊ី និងចិនក្នុងការធ្វើការរួមគ្នាដើម្បីកសាងសណ្តាប់ធ្នាប់អន្តរជាតិថ្មីមួយ។

ដោយឡែកសហរដ្ឋអាមេរិកបានវាយបកវិញដោយនិយាយថា លោក ស៊ី គួរតែប្រើកិច្ចប្រជុំនេះដើម្បីជំរុញឱ្យមានការកាត់បន្ថយភាពតានតឹងក្នុងប្រទេសអ៊ុយក្រែន។ លោក Daniel Kritenbrink អ្នកការទូតកំពូលរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បាននិយាយថា វិធីសាស្រ្តបែបនេះ គឺមិនមែនជាអ្វីដែលពិភពលោករំពឹងពី មហាអំណាចចិននិងរុស្សីនោះទេ។

លោក Scott Kennedy អ្នកជំនាញចិននៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៃទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ទោះបីជាមានយាយីពីលោកខាងលិចក៏ដោយ ក៏សម្ព័ន្ធភាពរវាងរុស្សី ចិន នៅតែស្ថិតស្ថេរជានិច្ច។ លោកបានបន្តថា ចិនមានឆន្ទៈឈរជាមួយរុស្ស៊ីក្នុងការដោះស្រាយជម្លោះអ៊ុយក្រែនឲ្យមានប្រសិទ្ធភាព និងសន្តិភាព។

គួរបញ្ចាក់ថា កិច្ចព្រមព្រៀងនេះផ្តល់ប្រយោជន៍ដល់ការជំរុញរបស់លោកពូទីនក្នុងការនាំចេញថាមពលរបស់រុស្ស៊ីឲ្យនៅឆ្ងាយពីលោកខាងលិច។ រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ថាមពលកំពូលរបស់ចិន និងកាត់បន្ថយការពឹងផ្អែកលើលោកខាងលិចសម្រាប់ប្រាក់ចំណូល៕ (នេះបើយោងតាមកាសែនចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ)

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង