Cc time
Cct850x100 1
Itt 0  web banner

សម្តេច ហ៊ុន សែន គាំទ្រសំណើទីម័រខាងកើតសុំចូលជាសមាជិកអាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ SPM Page

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេច ហ៊ុន សែន ជាមួយ លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រខាងកើត នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨មករានេះ។ ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានស្នើសុំសម្តេចបញ្ជូនអ្នកបច្ចេកទេសមកសិក្សាអំពីកម្ពុជាពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការ WTO, ការចូលខ្លួនទៅក្នុងសមាជិកសហគមន៍អាស៊ាន និងបានសុំសម្ដេច ក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រឡេស្ត ដើម្បីបានចូលជាសមាជិកអាស៊ាន។

ជាការឆ្លើយតបរបស់សម្តេច ហ៊ុន សែន ចំពោះសំណើរបស់ទីម័រខាងកើត សុំចូលជាសមាជិកអាស៊ាន សម្តេចបានមានប្រសាសន៍ថា សម្រាប់កម្ពុជាតែងតែគាំទ្រការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើត។ សម្ដេច ថ្លែងថា កម្ពុជានឹងបន្តជំរុញសសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅទីម័រខាងកើតអោយបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចបានស្វាគមន៍ក្នុងការបញ្ជូនអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការចូលជាសមាជិកអង្គការ WTO ចូលជាសមាជិកអាស៊ាន ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីជំរុញឲ្យមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មឡើងវិញ ជាពិសេសជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខារួចហើយ ។

ជាមួយគ្នានេះ សម្ដេចក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺការចាប់ផ្តើមលើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា ហើយករណីការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្តេចតេជោក៏មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើតអាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវទាំងខាងឃ្លាំងស្តុកស្រូវ និងទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញដើម្បីជាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត។

សម្ដេច ហ៊ុន សែន ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិជាពិសេសពិនិត្យឲ្យមានកិច្ចសន្យានិងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ។

ជាចុងក្រោយ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសូមផ្ញើជូននូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ ឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ហើយក៏បានជូនសូមឲ្យដំណើរការរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ទីម័រខាងកើត នៅថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២២ ខាងមុខនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕

ប្រភពរូប៖ SPM Page


Khcct banner

អត្ថបទទាក់ទង