ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា និងភាគីចិន បានចាប់ផ្តើមប្រជុំពិនិត្យលទ្ធភាពផលិត និង លក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីនាំចេញត្រីប្រាពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេស ហើយការពិនិត្យនេះអាចនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
ការប្រជុំពិនិត្យពីនីតិវិធីស្តីពីលក្ខខណ្ឌបច្ចេកទេសនៃការនាំចេញ«ត្រីប្រា»របស់កម្ពុជាទៅកាន់ទីផ្សារនៃប្រទេសចិន បានចាប់ផ្តើមហើយកាលពីថ្ងៃទី ២១ មករា ដោយមានការចូលរួមពីតំណាងប្រទេសកម្ពុជា និងភាគីចិន។
លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល បានប្រាប់ស៊ីស៊ីថាមស៍ថា នៅក្នុងដំណើរការនាំចេញនេះ ក្រសួងកសិកម្ម និងរដ្ឋបាលជលផល ក៏កំពុងពិនិត្យលទ្ធភាពផលិត និងលក្ខខណ្ឌចាំបាច់មួយចំនួនដូចជា គុណភាព សុវត្ថិភាព និងអនាម័យជាដើម ខណៈកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញត្រីប្រាទៅចិន។
បើតាមលោក អ៊ឹង ទ្រី បច្ចុប្បន្ននេះសន្ទុះប្រជាជនកម្ពុជាដែលចិញ្ចឹមត្រីប្រាកំពុងកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែក៏មិនទាន់មានការកើនឡើងគ្រប់ទៅតាមតម្រូវការដែលកម្ពុជាចង់បាននៅឡើយដែរ។លោកបានជំរុញឱ្យប្រជាពលរដ្ឋត្រូវរៀនពីបទពិសោធន៍ និង បច្ចេកទេសក្នុងការចិញ្ចឹមច្បាស់លាស់ ដើម្បីជាឱកាសសម្រាប់ការងារនាំចេញ។លោករំពឹងថា នៅឆ្នាំ២០២២នេះ ផលនេសាទត្រីប្រាកម្ពុជានឹងអាចនាំទៅប្រទេសចិនបាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ភាគីចិនកំពុងសិក្សាអំពីលទ្ធភាពនៃការនាំចេញត្រីប្រា និងមៀនទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។
តែយ៉ាងណាក៏ដោយ ក្រៅពីប្រទេសចិន កម្ពុជានៅតែបន្តការស្វាគមន៍ជានិច្ច ចំពោះបណ្តាប្រទេសនានាដែលមានបំណងចង់ទិញត្រីប្រាពីកម្ពុជា ហើយកម្ពុជានឹងពង្រឹងការចិញ្ចឹមត្រីប្រាឱ្យកាន់តែមានស្តង់ដារ និង បង្កើនទិន្នផលឱ្យគ្រប់តាមតម្រូវក្នុងស្រុក និងក្រៅស្រុក៕