Yearendyearend1140x150
Img 0571

គម្រោងRe-Five ប្រកាសបិទយុទ្ធនាការ«៦០ថ្ងៃ៖កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ»

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមនិស្សិតគម្រោង​ Re-Five បានប្រកាសបិទបញ្ចប់យុទ្ធនាការ​ «៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ»​ របស់ខ្លួន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដើម្បីចូលរួមលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។

លោក នូ វិរៈ ជាអ្នកសម្របសម្រួលគម្រោងបានឱ្យដឹងថា «យុទ្ធនាការនេះបានអនុវត្តរយៈពេល ៦០ថ្ងៃដោយទទួលបានជោគជ័យ និងមានការចូលរួមពីហាងលក់ភេសជ្ជៈប្រមាណ ៤៥ ទីតាំងនៅក្នុង

រាជធានីភ្នំពេញ និងមានអ្នកចូលរួមប្រមាណ ៥៨០ ស្កេនដង ក្នុងយុទ្ធនាការកន្លងមកនេះ។»

លោកបានបន្ថែមទៀតថា «យើងបានបង្កើតយុទ្ធនាការនេះមក ដោយឈរលើគោលដៅធំៗចំនួនពីរ។ ទីមួយ ផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមួយដងបោះចោល។

ទីពីរ លើកទឹកចិត្តដល់ហាងភេសជ្ជៈ និងភោជនីយដ្ឋានឱ្យមានការបញ្ចុះតម្លៃរាល់អតិថិជនប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ឬដបទឹកប្រើប្រាស់ឡើងវិញបាន សម្រាប់ការវេចខ្ចប់អាហារ និងភេសជ្ជៈទាំងនោះ។ »

លោកបានបញ្ជាក់បន្ថែមថា៖ « ទោះបីជាយុទ្ធនាការបានបិទបញ្ចប់យ៉ាងណាក្ដី ក៏ហាងភេសជ្ជៈមួយចំនួនជាដៃគូនៃយុទ្ធនាការ​ នៅតែបន្តសកម្មភាពបញ្ចុះតម្លៃបែបនេះក្នុងអាជីវកម្មរបស់ពួកគាត់ ដែលជាចំណែកមួយក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងប្រទេសកម្ពុជា»។

ក្នុងអំឡុងពេលយុទ្ធនាការ «៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ»​ យុទ្ធនាការក៏បានរៀបចំសកម្មភាពផ្សព្វផ្សាយបន្ថែមទៀតដូចជា៖ ការផលិតគេហទំព័រ www.refivecambodia.com ការផលិតវីដេអូអប់រំ  ផ្ទាំងផ្សព្វផ្សាយឌីជីថល (Digital Poster) កម្មវិធីប្រកួតប្រជែងថតរូប (Photo Competition) និងកម្មវិធីចាប់រង្វាន់ (Giveaway) នៅលើបណ្ដាញសង្គមដូចជា ហ្វេសបុក យូធូប Instagram និង TikTok ជាដើម។

ជាមួយគ្នានេះ អ្នកទស្សនាមាតិកាក្នុងគេហទំព័រ www.refivecambodia.com មានចំនួនជាង១ពាន់នាក់ តាមបណ្ដាញសង្គមហ្វេសបុកមានចំនួន ១១០,៣១១ នាក់ បណ្ដាញសង្គម Tik Tok ចំនួន ៤៧,៣៧៧ ដង និង Instagram ចំនួន ១៦,៩៥៥ នាក់។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «៦០ ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ»​ ជាយុទ្ធនាការគាំទ្រដល់ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ក្រោមការគាំទ្រពី

ក្រសួងបរិស្ថា​ន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រដ្ឋាភិបាលប្រទេសជប៉ុន និងអង្គការយូអិនឌីភីប្រចាំកម្ពុជា។ Re-Five គឺជាគម្រោងឌីជីថលដែលផ្តួចផ្តើមដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងបញ្ជ្រាប និងលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយអនុវត្តគោលការណ៍ 5Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃ និងរំឭកឡើងវិញ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង