Yearendyearend1140x150

អាជីវករ៖វេទិកា«ទេសចរណ៍អាស៊ាន»ជាឱកាសជួយឱ្យវិស័យទេសចរណ៍រស់ឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍អាស៊ាន។

ព្រះសីហនុ៖ នៅឆ្នាំ២០២២នេះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៃ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ។ក្នុងវេទិកានោះ បានរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ ដើម្បីផ្តល់ឱកាសឱ្យប្រតិបត្តិករ និង អ្នករកស៊ីលើវិស័យទេសចរណ៍មានឱកាសបង្ហាញ និងលក់ផលិតផលទេសចរណ៍របស់ពួកគេ។អាជីវករលើវិស័យទេសចរណ៍ផ្នែកសណ្ឋាគារ អ្នកផ្តល់សេវាកម្មរៀបចំដំណើរកម្សាន្ត និងការដឹកជញ្ជូនអ្នកទេសចរជាដើម បានចាត់ទុកវេទិកា«ទេសចរណ៍អាស៊ាន»ជាឱកាសជួយឱ្យវិស័យទេសចរណ៍រស់ឡើងវិញ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បាននាំយកសមាជិកសមាគមរបស់ខ្លួនប្រមាណ ៣០ក្រុមហ៊ុន ចូលរួមតាំងពិព័រណ៍ទេសចរណ៍អាស៊ាន។ ក្រុមហ៊ុនដែលបានចូលរួម មានដូចជាអ្នកបដិសណ្ឋារកិច្ច អ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវ សេវាកម្មដឹកនាំភ្ញៀវ ជាទីភ្នាក់ងារទេសចរណ៍ និងជាអ្នកច្នៃកញ្ចប់សេវាទេសចរណ៍ជាដើម។

លោកជំទាវ ឆាយ ស៊ីវលីន  បានហៅវេទិកានេះថា បានផ្តល់ឱ្យកម្ពុជាបានបង្ហាញសក្តានុពលនៃតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា បានបង្ហាញនូវវប្បធម៌ បានបង្ហាញនូវទំនៀមទម្លាប់ បង្ហាញនូវប្រពៃណី បានបង្ហាញពីអត្តចរិតរបស់កម្ពុជា ភាពញញឹមរបស់កម្ពុជា ឱ្យពិភពលោកបានឃើញ។

ចំណែកលោក ស៊ូ សាយ អ្នកចាត់ការទូទៅសណ្ឋាគារអេមព្រឹសអង្គរ ដែលបានចូលរួមវេទិកាផងដែរនោះ បានអះអាងថា  រយៈពេលពីរឆ្នាំនៃការរាតត្បាតជំងឺកូវីដ១៩ បានធ្វើសណ្ឋាគារជួបវិបត្តិខ្លាំង លោកស្វាគមន៍ចំពោះការរៀបចំឱ្យមានពិព័រណ៍អាស៊ាននៅខេត្តព្រះសីហនុ។ អ្នកចាត់ការទូទៅសណ្ឋាគារលំដាប់ផ្កាយ៥កណ្តាលក្រុងសៀមរាបរូបនេះ មានក្តីរំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍អាស៊ាន នឹងជាព្រឹត្តិការណ៍មួយរួមចំណែកឱ្យមានភាពប្រសើរឡើងវិញនៃវិស័យសណ្ឋាគារ។

លោកថ្លែងថា «យើងជឿជាក់ថា កំណើនទេសចរនឹងមាននាពេលអនាគត ហើយជាអត្ថប្រយោជន៍សម្រាប់អ្នករកទទួលទានផ្នែកទេសចរណ៍។ ខ្ញុំជឿជាក់ថា វេទិកានេះជាឱកាសដ៏ល្អមួយសម្រាប់ពួកយើងទាំងអស់គ្នា ដែលរកទទួលទានលើវិស័យទេសចរណ៍»។ 

លោក ស៊ូ សាយ ហៅធំ បានគូសបញ្ជាក់ទៀតថា «ជាការពិតណាស់ព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននេះ បានផ្តល់ឱកាសច្រើនសម្រាប់ជួបជាមួយភ្នាក់ងារអ្នកទិញមកពីគ្រប់បណ្តាប្រទេស ជាពិសេសនៅក្នុងអាស៊ាន ដោយយើងបានណាត់ជួបគាត់ ពិភាក្សាគ្នាពីការផ្លាស់ប្តូរទេសចរណ៍ ជាពិសេសកញ្ចប់ទេសចរណ៍ក្រុមហ៊ុនដែលគាត់បានចូលរួម»។

រីឯអ្នកនាង សេង ស្រីរិទ្ធ ប្រធានផ្នែកលក់ និងទីផ្សារឱ្យសណ្ឋាគារស្តារីអង្គរ បានឱ្យដឹងថា សណ្ឋាគារស្តារីអង្គរ ចាប់ផ្តើមទទួលបានភ្ញៀវជាបណ្តើរៗវិញហើយ ចាប់តាំងពីរាជរដ្ឋាភិបាលបើកឱ្យការធ្វើដំណើរទូលំទូលាយតាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក។ អ្នកនាង សេង ស្រីរិទ្ធ ចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍អាស៊ានជាឱកាសមួយបន្ថែមទៀត សម្រាប់សណ្ឋាគារស្តារីអង្គរ ស្វះស្វែងរកភ្ញៀវ ក៏ដូចជាដៃគូសហការ។

អ្នកនាង សេង ស្រីរិទ្ធ បានបញ្ជាក់បែបនេះ «ពេលខ្ញុំបានមកចូលរួមព្រឹត្តិការណ៍វេទិកាអាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ សម្រាប់ចំណាប់អារម្មណ៍ខ្ញុំ គឺវាមានភាពប្រសើរច្រើន ដោយសារយើងមើលឃើញពីសក្តានុពលនៃភ្ញៀវទេសចររបស់យើងចាប់ផ្តើមកម្រើកឡើងមកវិញ។ ខ្ញុំគិតថា វាប្រសើរមែនទែន ដែលរាជរដ្ឋាភិបាលរៀបចំកម្មវិធីនេះឡើង គឺជួយដល់វិស័យទេសចរណ៍របស់ពួកខ្ញុំច្រើនក្នុងការប្រម៉ូតឱ្យមានសកម្មភាពឡើងមកវិញ។ វាជាឱកាសបើកមុខមាត់សណ្ឋាគារយើងឡើងមកវិញ ហើយយើងនឹងប្រម៉ូតជាមួយភ្ញៀវឡើងមកវិញ»។

លោក ថន ស៊ីណាន ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ាស៊ីហ្វិក ក៏បានដឹកនាំសមាជិកសមាគមរបស់ខ្លួនប្រមាណជា ២០ក្រុមហ៊ុនចូលរួមពិព័រណ៍នេះផងដែរ។ លោកថា វេទិកាទេសចរណ៍អាស៊ាននេះ កម្ពុជាយើងបានបំបែកកំណត់ត្រាពិភពលោកមួយ ព្រោះនៅប្លុកអាស៊ានទាំង១០ មិនទាន់មានប្រទេសណាមួយមានសេចក្តីក្លាហានក្នុងការរៀបចំតាំងពិព័រណ៍អន្តរជាតិនេះទេ មានតែកម្ពុជាមួយគត់ ដែលមានសេចក្តីក្លាហានក្នុងការរៀបចំពិព័រណ៍។ដូច្នេះ ជាវេទិកាសម្រាប់ផ្តល់ការផ្លាស់ប្តូរចំណេះដឹង វេទិកាផ្លាស់ប្តូរទំនាក់ទំនង និងពាណិជ្ជកម្ម។

ទាំងខាងសមាគម និងអ្នករកទទួលទានលើវិស័យទេសចរណ៍ដែលបានចូលរួមការតាំងពិព័រណ៍នេះ សុទ្ធតែបានបង្ហាញនូវក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងនាំមកនូវភាពប្រសើរលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពីវិបត្តិជំងឺកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង