Yearendyearend1140x150

រុស្ស៊ីបង្ហាញការព្រួយបារម្ភក្រោយប្រទេសលោកខាងលិចបញ្ជូនសព្វាវុធដ៏ច្រើនទៅអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីបង្ហាញការព្រួយបារម្ភក្រោយប្រទេសលោកខាងលិចបញ្ជូនសព្វាវុធដ៏ច្រើនទៅអ៊ុយក្រែន ប្រភពរូប៖ ស៊ីនហួរ

រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅថ្ងៃទី២០ ខែមករាថា បណ្តាប្រទេសលោកខាងលិចបានបិទបាំង "សកម្មភាពយោធា" ផ្ទាល់ខ្លួនរបស់ពួកគេ ដោយសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសបានបញ្ជូនសព្វាវុធក្នុងបរិមាណដ៏ច្រើនទៅឲ្យអ៊ុយក្រែន ដែលចំណាត់ការផ្តល់អាវុធនេះ ធ្វើឲ្យរុស្ស៊ីមានការព្រួយបារម្ភខ្លាំងពីសន្តិសុខក្នុងតំបន់។

លោកស្រី Zakharova បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរបស់លោកខាងលិច និងអ៊ុយក្រែន បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីការឈ្លានពានរបស់រុស្ស៊ីទៅលអ៊ុយក្រែន» ដើម្បីបិទបាំង «ការត្រៀមលក្ខណៈសម្រាប់ការបង្កហេតុក្នុងទ្រង់ទ្រាយធំរបស់ពួកគេ រួមទាំងសកម្មភាពយោធា ដែលអាចមានមហន្តរាយដ៏ធំបំផុតសម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «ត្រឹមតែប៉ុន្មានខែកន្លងទៅនេះ សហរដ្ឋអាមេរិកបានបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ 'Javelin' ចំនួន ៣០ ឈុត និងមីស៊ីលចំនួន ១៨០ ទៅកាន់ប្រទេសអ៊ុយក្រែន។ ហើយកញ្ចប់មួយទៀតទៅកាន់អ៊ុយក្រែនក្នុងខែនេះ គឺជាអាវុធដែលមានតម្លៃ ២០លានដុល្លារ។

លោកស្រីបានបញ្ជាក់ទៀតថា «ចក្រភពអង់គ្លេសបានប្រើប្រាស់យន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាស ដើម្បីបញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយបានដាក់ពង្រាយយន្តហោះយោធាយ៉ាងហោចណាស់ចំនួន ៦ គ្រឿង ដែលយន្តហោះនីមួយៗអាចផ្ទុកទំនិញបានរហូតដល់ ៧៧.៥ តោន ឬមានអាវុធសរុបប្រហែល ៤៦០ តោន។

ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace បាននិយាយនៅក្នុងសភាកាលពីថ្ងៃទី ១៧ កន្លងទៅថា ភាគីអង់គ្លេស បានសម្រេចចិត្តផ្តល់ឱ្យអ៊ុយក្រែននូវ "ប្រព័ន្ធអាវុធប្រឆាំងរថពាសដែកដោយពន្លឺការពារ" ហើយបុគ្គលិកអង់គ្លេសមួយក្រុមតូចនឹងទៅអ៊ុយក្រែនដើម្បីផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធ។

ស្ថានទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ដោយថ្កោលទោសភាគីអង់គ្លេសថា ការបញ្ជូនអាវុធប្រល័យលោកទៅអ៊ុយក្រែននឹងធ្វើឱ្យវិបត្តិនិងភាពតានតឹងនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង។ ខណៈថ្មីៗនេះ រដ្ឋាភិបាលកាណាដាក៏បានបញ្ជូនប្រតិបត្តិករពិសេសជាង ២០០នាក់ ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងនាមការពារស្ថានទូតរបស់ខ្លួន និងជម្លៀសអ្នកការទូតក្នុងគ្រាមានអាសន្ន។

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករានេះ រុស្ស៊ីបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និងអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុបរៀងៗខ្លួន។ ក្នុងអំឡុងពេលកិច្ចសន្ទនានេះ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងណាតូត្រូវតែបញ្ឈប់ការពង្រីកទៅទិសខាងកើតបន្ថែមទៀត ហើយបានចុះហត្ថលេខាលើការសន្យាជាលាយលក្ខណ៍អក្សរដើម្បីបញ្ចប់ភាពតានតឹងនេះ។ តែបណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយសារភាពខុសគ្នារបស់ពួកគេ មិនបានធ្វើឲ្យភាគីទាំងពីរស្វែងរកដំណោះដោះស្រាយណាមួយឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង