Yearendyearend1140x150

ឯកឧត្តម តាន់ ផាន់ណារ៉ាថា កម្ពុជាអាចផ្គត់ផ្គង់ជ្រូករស់ក្នុងស្រុកគ្រប់គ្រាន់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបភាព៖ CNC)

ភ្នំពេញ៖ រយៈពេល២ខែចុងក្រោយនេះ កម្ពុជាអាចផ្គត់ផ្គង់ជ្រូករស់សម្រាប់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ខណៈការនាំចូលជ្រូកពីប្រទេសជិតខាងក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ ការផ្អាកនេះ គឺដោយសារតែការចិញ្ចឹមជ្រូករស់របស់កសិករក្នុងស្រុកមានការកើនឡើង។ នេះបើតាមប្រសាសន៍ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានមានប្រសាសន៍ថា បើតាមរបាយការណ៍របស់សមាគមចិញ្ចឹមសត្វកម្ពុជា កាលពីមុនការផលិតរបស់សមាគមមានត្រឹមតែជាង៥ពាន់ក្បាលតែប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែមួយរយៈក្រោយនេះ ការផលិតក្នុងស្រុកគឺមានការកើនឡើង ដោយក្នុងមួយថ្ងៃអាចមានតម្រូវការជ្រូករស់ចន្លោះពី៧ពាន់ទៅ៨ពាន់ក្បាល។ ដូចនេះ ក៏មានជាការពិភាក្សារវាងក្រុមហ៊ុននាំចូល សមាគម និងអគ្គនាយកដ្ឋាន ដើម្បីផ្អាកការនាំចូលជ្រូករស់ពីប្រទេសជិតខាងជាបណ្ដោះអាសន្ន។

ឯកឧត្តមបន្តថា មកទល់ពេលនេះ ក៏ដូចជាឱកាសចូលឆ្នាំចិនខាងមុខនេះ តម្រូវការសាច់ជ្រូកក្នុងស្រុកអាចនឹងមានការកើនឡើង ហើយអាចនឹងបន្ធូរស្តុកបន្ថែមទៀត។ បើទោះបីជាតម្រូវការសាច់ជ្រូកកើនឡើងក៏ពិតមែន ក៏ប៉ុន្តែតម្លៃជ្រូករស់មិនមានការឡើងថ្លៃទេ ព្រោះខាងអគ្គនាយកដ្ឋាននិងសមាគមមានការគ្រប់គ្រងតម្លៃបានល្អ។ ប៉ុន្តែអ្វីដែលជាក្តីបារម្ភនោះគឺតម្លៃសាច់ជ្រូកនៅតាមទីផ្សារអាចនឹងមានការប្រែប្រួល។

ឯកឧត្តមក៏បានបញ្ជាក់ថា ក្រសួងមិនបានប្រកាសផ្អាកការនាំចូលជ្រូករស់ពីប្រទេសជិតខាងជាផ្លូវការទេ ប៉ុន្តែគ្រាន់តែជាការជជែកគ្នារវាងក្រុមហ៊ុននាំចូល និងខាងសមាគមអ្នកចិញ្ចឹមសត្វតែប៉ណ្ណោះ ហើយខាងក្រុមហ៊ុននាំចូលជ្រូករស់ក៏មានការយោគយល់ពីបញ្ហានេះដែរ ព្រោះបើនាំចូលបន្ថែមអាចនឹងលើសពីតម្រូវការទីផ្សារ ដែលនាំឱ្យមានការដេញថ្លៃគ្នា និងខាតជាដើម។ ដូចនេះ ខាងក្រុមហ៊ុននាំចូលសម្រេចផ្អាកនាំចូលជ្រូករស់មកកម្ពុជាជាបណ្ដោះអាសន្នសិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង