Yearendyearend1140x150

ក្រសួងបរិស្ថានបង្ហាញសត្វកម្រជាច្រើនថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ការពារធម្មជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ ក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះបានបង្ហាញពីទិន្នន័យនៃវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ប្រភេទជិតផុតពូជ ប្រភេទទទួល រងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ ត្រូវបានកត់សម្គាល់តាមរយៈទិន្នន័យប្រមូលបានពីរូបថតម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអនុវត្តសិក្សាក្រោមការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួង បរិស្ថាន។

យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួង បរិស្ថានរយៈពេល ២.៥ ខែពីចុងខែតុលាឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញ វត្តមានប្រភេទសត្វព្រៃ មាន ដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួល រងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រសួងបរិស្ថានសូមថ្លែងអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាននៃខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុងគាំទ្រដោយគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួង បរិស្ថាសម្រួលក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។ 

លោកបានថ្លែងថាក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤៩ទីតាំងដែលក្នុងនោះក្នុងដែនជម្រកសត្វព្រៃនៅខេត្តពោធិ៍សាត់ចំនួន ២៣ គ្រឿង ខេត្តបាត់ដំបងចំនួន ១៦ គ្រឿង និងខេត្តកោះកុងចំនួន១០ គ្រឿង ក្នុងគោលបំណងដើម្បី ១) បង្កើនចំណេះ ដឹង ពីវិធីសាស្រ្តសិក្សា និង ប្រមូល ទិន្នន័យ ជីវៈចម្រុះ ២) ស្វែងរកវត្តមាននិងអវត្តមានប្រភេទសត្វ មាន ដោយកម្រ ជិតផុតពូជ ទទួល រងគ្រោះថ្នាក់ និងគំរាមកំហែង ៣)វាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ។

ជាមួយនឹងដំណឹងដ៏ល្អនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់ វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង