Cct850x100 1

កម្ពុជា-ចិនប្រជុំផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក្នុងនាមរាជរដ្ឋាភិបាលបានអញ្ជើញចូលរួមកិច្ចជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយគណៈប្រតិភូខេត្តឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ កាលពីថ្ងៃទី១០ មករា ២០២២។

ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចួលរួមប្រជុំតាមប្រព័ន្ធវីដេអូជាមួយ ព្រះតេជគុណ តៅ ចៀន ព្រះចៅអធិការវត្តហ័រយាន និងគណៈប្រតិភូខេត្តឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន ស្តេចភក្តី អនុរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា និងគណៈប្រតិភូខេត្តឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន លោក យ៉ាង គ័ងស៊ុន នាយករងនៃមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិ លោក ចាំង ធៀនទូ នាយកគណៈកម្មាធិការកិច្ចការសាសនានិងស៊ីវិល និងលោក យីន លាំង អគ្គលេខាធិការនៃមូលនិធិអប់រំនិងវប្បធម៌ហ័រយាន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បានលើកឡើងអំពីទំនាក់ទំនងដែកថែប និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានកសាងនូវចំណងការទូតជាប្រវត្តិសាស្រ្ត ដោយព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តមប្រធាន ម៉ៅ សេទុង នៅឆ្នាំ១៩៥៨ និងក្រោយមក ក្រោមទស្សនវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋចិន ស៊ី ជីនភីង បានពង្រឹង និងពង្រីកនូវចំណងមិត្តភាពនេះ ឲ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ដើម្បីបម្រើឲ្យផលប្រយោជន៍ នៃប្រជាជន និងប្រជាជាតិទាំងពីរ។

ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់មិត្តចិន គឺជាគម្រោងដ៏អស្ចារ្យមួយ និងជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងសាកលភាវូនីយកម្មក្នុងតំបន់និងពិភពលោក កាន់តែខ្លាំងក្លា និងល្អប្រសើរឡើង ក្នុងនោះ កម្ពុជាបានទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីមហាមិត្តចិន ក្នុងការអនុវត្តគម្រោងនេះ តាមរយៈការតភ្ជាប់នៃទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន នេះបើតាមការបញ្ជាក់របស់ឯកឧត្តម លី ធុជ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម លី ធុជ សូមថ្លែងនូវអំណរគុណ និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្តល់នូវការគាំទ្រដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេស ការចូលរួមកសាងនូវជីវិតថ្មី ក្តីសង្ឃឹមថ្មី និងអនាគតថ្មីសម្រាប់ប្រទេស និងប្រជាជនកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង