Yearendyearend1140x150

រដ្ឋាភិបាលទម្លាក់ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ១ពាន់លានដុល្លារក្នុងឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទម្លាក់ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស មានកំណើនដល់ប្រមាណ១ពាន់លានដុល្លារក្នុងឆ្នាំ២០២២ គិតជាមធ្យម។ នេះបើតាមលោក ចាន់ សុធា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យសម្រាប់ថ្នាក់ក្រោមជាតិ” នៅព្រឹកថ្ងៃនេះ។

លោក ចាន់ សុធា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាអនុរដ្ឋលេខាធិការដ្ឋាន គ ជ អ ប បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ គឺថវិកាជាតិសម្រាប់ទ្រទ្រង់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានកំណើន។ គិតក្នុងឆ្នាំ២០២២ កំណើនថវិកាក្នុងការកែទម្រង់ហេដ្ឋារចនាថ្នាក់ក្រោមជាតិ និងការបម្រើសេវារដ្ឋបាលផ្សេងៗជូនដល់ប្រជាពលរដ្ឋ មានកំណើនដល់ប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំគិតជាមធ្យម។

លោក ចាន់ សុធា បានបន្តថា តាមរយៈកំណើននៃថវិកាសម្រាប់ទ្រទ្រង់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បញ្ជាក់ពីកំណើនសេដ្ឋកិច្ចចំណូលជាតិដែលរដ្ឋាភិបាលបានខិតខំប្រមូលពន្ធផ្សេងៗ។ ជាក់ស្តែង កាលពីមុនរដ្ឋបាលថ្នាក់ក្រោមជាតិ ឃុំ-សង្កាត់ទទួលបានថវិកាសម្រាប់ដំណើរការការងារកំណែទម្រង់ហេដ្ឋារចនានៅក្នុងមូលដ្ឋាន ត្រឹមតែ ៤៥០០ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែងាកមកមើលត្រឹមឆ្នាំ២០២០ ថវិកាជាតិសម្រាប់ ឃុំ-សង្កាត់ ទទួលបានថវិកាជាតិប្រមាណជា ១២៧០០០ ដុល្លារក្នុងមួយឆ្នាំគិតជាមធ្យម។

ជាមួយគ្នានេះ លោក ចាន់ សុធា បានឲ្យដឹងថា ក្នុងកិច្ចការងារអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យសម្រាប់ថ្នាក់ក្រោមជាតិនេះគឺរាជរដ្ឋាភិបាលកម្ពុជាបានខិតខំបំពេញការងារក្នុងការដាក់ចេញនូវយន្តការ និងផែនការយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាដើម្បីឲ្យសង្គមជាតិមានវឌ្ឍនភាព អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនេះការអភិវឌ្ឍក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិល បដិភាគពីវិស័យឯកជន និងប្រជាពលរដ្ឋដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងកិច្ចការងារសង្គមជាតិទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង