Cct850x100 1

រោងចក្រមួយចំនួននៅចិនចាប់ផ្តើមដំណើរការផលិតកម្មជាបណ្តើរៗឡើងវិញ

ចិន
/
អ្នកយកព័ត៌មាន:
រាជ សី
/
រោងចក្រមួយចំនួននៅចិនចាប់ផ្តើមដំណើរការផលិតកម្មជាបណ្តើរៗឡើងវិញ។រូបភាពពីទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ

ចិន៖ ក្រុមហ៊ុនមួយចំនួនរបស់ប្រទេសចិនកំពុងវិលត្រឡប់ទៅចាប់ផ្តើមដំណើរការការងារ និងផលិតកម្មជាបណ្តើរៗឡើងវិញ ជាពិសេសនៅក្នុងវិស័យសំខាន់ៗដូចជា៖ ការផ្គត់ផ្គង់វេជ្ជសាស្ត្រ ថាមពល ស្បៀងអាហារ ដឹកជញ្ជូន និងឡូជីស្ទឹកជាដើម ដែលវិស័យទាំងនេះសុទ្ធតែបានចាប់ផ្តើមដំណើរការការងារជាបន្តបន្ទាប់។

លោកCong Liang អគ្គលេខាធិការនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរបស់ការិយាល័យរដ្ឋាភិបាលនាថ្ងៃនេះថា​​​​​​​ ​​យោងតាមទិន្នន័យចុងក្រោយរបស់អាជ្ញាធរចិន បច្ចុប្បន្ននេះមានខេត្តចំនួន២២ខេត្តសំខាន់ៗនៅទូទាំងប្រទេសចិនចាប់ផ្តើមដំណើរការការងារឡើងវិញក្នុងនោះក្រុមហ៊ុនផលិតម៉ាសដែលមនុស្សគ្រប់គ្នាកំពុងយកចិត្តទុកដាក់បានកើនឡើងលើស៧៦ភាគរយ  ក្រុមហ៊ុនផលិតសម្លៀកបំពាក់សម្រាប់ការពារមាន៧៧ភាគរយ  ក្រុមហ៊ុនកែច្នៃ និងផលិតស្បៀងអាហារដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ថ្នាក់ជាតិមាន៩៤,៦ភាគរយ ក្រុមហ៊ុនរ៉ែធ្យូងថ្មមាន៥៧,៨ភាគរយ។

ចំណែកអគ្គិសនី ឧស្ម័នធម្មជាតិ និងប្រេងឥនន្ធៈ គឺមានការការផ្គត់ផ្គង់គ្រប់គ្រាន់ អាកាសចរណ៍ស៊ីវិល ផ្លូវដែក និង បណ្តាញដឹកជញ្ជូនផ្លូវទឹកកំពុងដំណើរការជាធម្មតា។

ទោះជាយ៉ាងណាក៏ដោយគេយល់ឃើញថា ការជំរុញឲ្យបានពេញលេញនៃការវិលត្រឡប់ទៅចាប់ ផ្តើមដំណើរការការងារ និងផលិតកម្មឡើងវិញនៅមានបញ្ហាប្រឈមបុគ្គលិកមិនគ្រប់គ្រាន់ ហើយនៅកន្លែងខ្លះមានកំណត់ឱ្យពាក់ម៉ាស និងមិនទាន់ចាប់ផ្តើមការងារឡើងវិញជាដើម។

ទីផ្សារនៅប្រទេសចិនបច្ចុប្បន្ន មានកង្វះខាតយ៉ាងខ្លាំងចំពោះសម្ភារៈការពារជំងឺ ខ្សែសង្វាក់ផលិតកម្មលើក្រោមមិនស៊ីសង្វាក់គ្នា ការដឹកជញ្ជូន និងភ័ស្តុភារមិនរលូន និងបញ្ហាសម្ពាធថវិកាខ្ពស់ជាដើម។

លោកCong Liangមានប្រសាសន៍ថា នៅជំហានបន្ទាប់ គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធធ្វើការបែងចែកស្ថានភាពជំងឺរាតត្បាតនៅកន្លែងផ្សេងៗគ្នា ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងរវាងការបង្ការការរីករាលដាលនៃជំងឺ និងការចាប់ផ្តើមដំណើរការការងារឡើងវិញ។

លោកCong Liang នីយាយថា«នៅពេលកំពុងពង្រឹងការការពារ និងគ្រប់គ្រងជំងឺរាតត្បាតបែបលក្ខណៈវិទ្យាសាស្ត្រ យើងនឹងធ្វើការសម្របសម្រួលដោះស្រាយការលំបាក និងបញ្ហារបស់សហគ្រាសឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញការដំណើរការការងារ និងផលិតកម្មឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕

Khcct banner

អត្ថបទទាក់ទង