Yearendyearend1140x150

គម្រោងស្ពាន«ភ្នំពេញ-អរិយក្សត្រ»អាចផ្តើមសាងសង់ចុងឆ្នាំ២០២៤ លើទីតាំងចំនួន២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ 

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូងនឹងធ្វើការសម្រេចចិត្តចុងក្រោយលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ភ្នំពេញ-អរិយក្សត្រ។ការសម្រេចចុងក្រោយនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុនប្រទេសកូរ៉េ បានសិក្សារួចរាល់ពីទីតាំងនៃគម្រោងហើយបានផ្តល់ជារបាយការណ៍ជូនដល់រដ្ឋាភិបាល។គម្រោងស្ពាននេះ អាចចាប់ផ្តើមសាងសង់ចុងនៅឆ្នាំ២០២៤ខាងមុខ លើទីតាំងចំនួន២។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ បានសិក្សាចប់ជាស្ថាពរហើយ និងបានជ្រើសរើសទីតាំងចំនួន២ ដើម្បីដាក់ឆ្លងទៅកាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្រេច។ប៉ុន្តែទីតាំងទាំងពីរនេះ លោកសុំអនុញ្ញាតមិនបញ្ជេញនោះទេ ដោយសារជាភាពសំងាត់នៃគម្រោង និងការពារការឡើងតម្លៃដីនៅតំបន់នោះ។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ បានចាប់ផ្តើមសិក្សានៅចុងឆ្នាំ២០២០ ហើយស្ពាននេះអាចនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤ ហើយគម្រោងអាចនឹងបញ្ចប់នៃការសាងសង់នៅឆ្នាំ២០២៧។លោកថា បច្ចុប្បន្ន ការសិក្សាពីផលប៉ះពាល់បានចប់រួចរាល់ហើយ និងកំពុងរង់ចាំការសម្រេចពីក្រសួងសេដ្ឋកិច្ចដែលជាក្រុមជំនាញ។

ទាក់ទងនឹងប្រភេទស្ពានវិញ លោក ហ៊ាង សុទ្ធាយុត្តិ បានអះអាងថា ក្រសួងមានជម្រើសរួចហើយ តែក្រុមបច្ចេកទេសក្រសួងបានត្រឹមតែសិក្សានោះដោយមិនទាន់សម្រេចជាផ្លូវការនោះឡើយ ដោយរកចាំសិក្សាពីតម្លៃ ផលប្រយោជន៍សេដ្ឋកិច្ចសង្គម សោភ័ណភាពជាដើម។ដោយឡែក​​ ពាក់ព័ន្ធនឹងទំហំថវិកាសម្រាប់គម្រោងសាងសង់ស្ពាននេះ ក៏ពុំទាន់អាចបញ្ជាក់ប្រាប់បានឡើយ ដោយនៅរង់ចាំការសម្រេចរួមជាផ្លូវការ។ 

គួរបញ្ជាក់ថា លោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា គម្រោងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង នឹងមានលទ្ធផលនៅពេលឆាប់ៗខាងមុខ ហើយប្រជាជនកូរ៉េ បានសម្តែងក្តីសប្បាយរីករាយដែលរដ្ឋាភិបាលខ្លួនជួយសាងសង់គម្រោងនេះ ព្រោះជាគម្រោងឆ្លងកាត់ទន្លេមេគង្គ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងរូបនេះ រំពឹងថា  នៅពេលស្ពាននេះធ្វើរួច នឹងរួមចំណែកក្នុងការសម្រួលដល់ចរាចរណ៍នៅភ្នំពេញនិងនៅជាយភ្នំពេញផង ព្រមទាំងក្លាយជានិមិត្តរូបមួយនេះកិច្ចសហប្រតិបត្តិការនិងមិត្តភាពកម្ពុជា និងកូរ៉ផងដែរ។ហើយវានឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង