Yearendyearend1140x150

អាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណ៨០ភាគរយបើកឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖នៅក្នុងឱកាសឈប់សម្រាកបុណ្យឆ្លងឆ្នាំសកលរយៈពេល៣ថ្ងៃនេះ កម្ពុជាមានភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណជាង២លាននាក់ បានចេញដើរកម្សាន្តទៅតាមគោលទេសចរណ៍នានានៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ តួលេខនេះបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយលើសពីការរំពឹងទុករបស់ក្រសួងទេសចរណ៍ និង បានជួយជំរុញឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ជាង៨០ភាគរយបានដំណើរការឡើងវិញ។

លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបប្រាប់ស៊ីស៊ីថាមស៍ថា តួលេខនេះក៏បានបង្ហាញពីសញ្ញាវិជ្ជមានមួយដែលសំខាន់នៅក្នុងវិស័យទេសចរណ៍ ដែលអាចនិយាយបានថាបន្ទាប់ពីរាជរដ្ឋាភិបាលបានបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាបានងើបឡើងវិញជាបណ្ដើរៗ ហើយនឹងឈានទៅរកប្រក្រតីភាព និងភាពពេញលេញនៃវិស័យទេសចរណ៍ឡើងវិញ។

បើតាមលោក តុប សុភ័ក្រ ការចេញដើររបស់ភ្ញៀវទេសចរគឺពិតជាមានសារៈសំខាន់ ហើយជាពិសេសវាបានរួមចំណែកយ៉ាងធំធេងនៅក្នុងការកសាងសេដ្ឋកិច្ចជាតិដោយបានផ្តល់ចំណូលដល់ជាតិ ដែលអាចជួយសម្រួលដល់មូលដ្ឋានអាជីវកម្មរបស់ពលរដ្ឋកម្ពុជាដែលមប្រើការងារនៅក្នុងវិស័យទេសចរណ៍ ហើយក៏ជាក្តីសង្ឃឹមរបស់បុគ្គលិកវិស័យទេសចរណ៍នៅក្នុងការបើកទទួលទេសចរ។

លោកបញ្ជាក់ថា រហូតមកទល់ពេលនេះ មូលដ្ឋានអាជីវកម្ម ឬសេវាកម្មទេសចរណ៍ក្នុងចំណោមអាជីវកម្ម៣០ភាគរយដែលបានបិទអំឡុងពេលកូវីដ គឺភាគច្រើនបានបើកដំណើរការឡើងវិញជាបណ្តើរៗដើម្បីត្រៀមទទួលភ្ញៀវទេសចរ ប៉ុន្តែមិនទាន់បានទាំងស្រុង១០០ភាគរយនៅឡើយទេ។

តែយ៉ាងណាលោកថា កម្ពុជាត្រូវការពេលវេលាក្នុងការរងចាំស្ថានភាព បើកាលណាការគ្រប់គ្រងស្ថានភាពកូវីដ-១៩នៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដូចនេះចរន្តទេសចរណ៍ ឬចរន្តមូលដ្ឋានអាជីវកម្មគឺដំណើរការទៅតាមប្រក្រតីភាពនៃស្ថានភាពនេះដូចគ្នា។

ទន្ទឹមនឹងនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានប្រាប់ស៊ីស៊ីថាមស៍ដែរថា កំណើនភ្ញៀវទេសចរក្នុងស្រុក គឺជាពន្លឺវិជ្ជមានមួយនៅក្នុងវិស័យទេសចរណ៍ដែលបានជួយសម្រួលយ៉ាងច្រើនដល់អាជីវកម្មទេសចរណ៍ ផ្ដល់ឱកាសដល់បុកគ្គលិក កម្មករ ឱ្យមានការងារឡើងវិញ ហើយបុគ្គលិកដែលបម្រើការនៅវិស័យដឹកជញ្ជូន សេវាកម្មស្នាក់នៅ សេវាកម្មផ្គត់ផ្គង់ម្ហូបអាហារ និងសេវាកម្មផ្សេងៗទៀត រួមទាំងសហគមន៍ទេសចរណ៍នៅតាមមូលដ្ឋាននានា ក៏ចាប់ផ្តើមមានប្រាក់ចំណូលឡើងវិញជាបណ្តើរៗផងដែរ។

លោកជំទាវបន្តថា បើទោះបីជាកំណើនភ្ញៀវទេសចរក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ក៏ពិតមែណ ក៏ប៉ុន្តែបច្ចុប្បន្ននេះអាជីវកម្ម ឬសេវាកម្មទេសចរណ៍ក៏ពុំទាន់បើកដំណើរការឡើងវិញទាំងស្រុងភ្លាមៗដែរ គឺគ្រាន់តែបើកដំណើរការបានភាគច្រើនប្រមាណ៨០ភាគរយដែរ។

គួរបញ្ជាក់ថា នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ ១០០% ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្សេងៗក៏បានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញកាន់តែច្រើនឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង