Yearendyearend1140x150

លោកស៊ុន ចាន់ថុល សរសើរក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ធ្វើផ្លូវត្រូវស្ដង់ដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ស៊ុន ចាន់ថុល (រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកសរសើរដល់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ដែលធ្វើផ្លូវត្រូវស្ដង់ដា។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ធ្វើឡើងនៅពេលដែលលោកបានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាព ការងារ សាងសង់ផ្លូវជាតិលេខ១១ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

លោក ស៊ុន ចាន់ថុល ថ្លែងពីគោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីមើលចំណុចខ្វះខាត ដែលនៅសេសសល់ ក៏ដូចជាបញ្ហាបច្ចេកទេសមួយចំនួន ពាក់ព័ន្ធនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ធ្វើការកែសម្រួល បំពេញបន្ថែមលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ និងស្របតាមសៀវភៅបន្ទុក ក្នុងគោលបំណងធ្វើឱ្យគុណភាពផ្លូវនោះរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ លើកឡើងបន្តថា «ទោះបីជាមានបញ្ហាសកលនៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏សកម្មភាពសាងសង់ហេដ្ឋារចនាផ្លូវថ្នល់ និងស្ពាន នៅតែដំណើរការធម្មតាដដែល លើកលែងតែផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ព្រោះមានភាពយឺតយ៉ាវនៃការនាំចូលគ្រឿងក្រុម។

លោក ស៊ុន ចាន់ថុល កត់សម្គាល់ថា ឆ្លងតាមការត្រួតពិនិត្យគុណភាពផ្លូវមួយរយៈកន្លងមក ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៣ ជាដើម មានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើងឡើយ។

ជាមួយគ្នានោះផងដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានជម្រាបដល់ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង