Yearendyearend1140x150

ក្រសួងកសិកម្មកម្ពុជា ប្រកាសដាក់ឱ្យដំណើរការ«មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងកសិកម្មកម្ពុជា នៅថ្ងៃទី ៣០ ធ្នូនេះ បានប្រកាសដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)។ការរៀបចំ«មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ»នេះ គឺក្នុងគោលបំណងលើកកម្ពស់ផលិតភាព ផលិតកម្មបន្លែ ធានាបាននូវបរិមាណ គុណភាព សុវត្ថិភាព។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា «មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ»នឹងជំរុញឱ្យកម្ពុជាឈានឆ្ពោះទៅកាន់ភាពជាម្ចាស់ក្នុងការផលិត និងផ្គង់ផ្គង់បន្លែឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។

ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុនត្រូភីខេម ហ្វ៊ុត អេន វេជីថេប៊ិ ល ឯ.ក បានអះអាងថា មជ្ឈមណ្ឌលនេះ បានបោះទុនវិនិយោគជា៣ដំណាក់កាល៖ ទី១- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ទឹក អគ្គិសនី ទី២- ការសាងសង់ និងដំឡើងផ្ទះសំណាញ់ ថ្នាលបណ្តុះ កូនបន្លែ និងប្រតិបត្តិការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និង ទី៣- ការសាងសង់ទីតាំងលាងសម្អាត វេចខ្ចប់ និងរក្សាទុកបន្លែក្នុងទូត្រជាក់។ 

លោកថា មជ្ឈមណ្ឌលនេះមានតួនាទី ៖ ១- ជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងចាប់ដៃគូជាមួយកសិករ សហគមន៍កសិកម្ម និងបណ្ដុំក្រុមផលិត តាមរយៈកិច្ចសន្យាកសិកម្ម ដោយក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្ម និងបច្ចេកទេស ព្រមទាំងប្រមូលទិញបន្លែទាំងអស់ត្រឡប់មកវិញ ២- ធ្វើការលាងសម្អាត វេចខ្ចប់ រក្សាទុកបន្លែដែលប្រមូលបានទាំងនៅក្នុងមជ្ឈមណ្ឌល និងតាមកិច្ចសន្យាកសិកម្មជាមួយកសិករគោលដៅតាមខេត្ត ៣- ដឹកជញ្ជូនបន្លែសុវត្ថិភាព តាមរថយន្តត្រជាក់ ដាក់តាមផ្សារទំនើបតូច-ធំ និងគេហដ្ឋាន ៤- ធ្វើផែនការទីផ្សារជាក់លាក់ ផ្សារភ្ជាប់ជាមួយផ្សារទំនើប ម៉ាតតូចៗ និងទីផ្សារទៀត ៥- ប្រែក្លាយមជ្ឈមណ្ឌលនេះជា កន្លែងបង្ហាញ ពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសទំនើប បែបពាណិជ្ជកម្មដល់សាធារណជន ជាពិសេសភាគីពាក់ព័ន្ធនឹងអនុវិស័យបន្លែ និង៦- រៀបចំផែនការបង្កើតផ្សារបោះ ដុំនៅកម្ពុជា បន្ទាប់ពីបន្លែសុវត្ថិភាពមានគុណភាព និងបរិមាណគ្រប់គ្រាន់បំពេញតម្រូវការក្នុងស្រុក ព្រមទាំងទទួលបានការគាំទ្រ ពីអតិថិជនតាមការបញ្ជាក់ទទួលស្គាល់ជាបន្លែសុវត្ថិភាព។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ កម្ពុជាមានសហគមន៍កសិកម្មចំនួន ១ ២១៧ និងសមាជិកសរុប ចំនួន ១៥៥ ៨៥៩នាក់ ដើមទុនសរុបចំនួន១០២ ៣៩០ ០៥៥ ៧៦៧ រៀល និងបានបង្កើត និងចុះបញ្ជីសហភាពសហគមន៍កសិកម្មចំនួន ១៥ ដែលមានសមាជិកសរុបចំនួន ២៧៦ មានដើមទុន សរុបចំនួន ៣ ៣៨២ ៩៩៧ ៣៤៣ រៀល ដែលសហគមន៍កសិកម្មទាំងនោះ ពិតណាស់បាននិងកំពុងដើរតួនាទីផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តាមរយ:ការអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ដោយប្រើប្រាស់ផ្ទះសំណាញ់ និង Hydroponic។ 

រីឯការចុះកិច្ចសន្យាផលិតកម្មកសិកម្មរវាងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជនមានចំនួនកើនឡើង ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ កសិករដែលទទួ លបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ CamGAP មានចំនួន ៣០៩ចម្ការ/កសិដ្ឋាន ដែលបានអនុវត្តតាមបទដ្ឋានបច្ចេកទេសទទួលបានទិន្នផលខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាព។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនត្រូភីខេម ហ្វ៊ុត អេន វេជីថេប៊ិ ល ឯ.ក បានចុះ MOU ជាមួយអគ្គនាយកដ្ឋានកសិកម្ម ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ដោយប្រើប្រាស់ដីទំហំ៦ហិកតា នៅក្នុងបរិវេណស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥១ ៣៣៨ហ.ត នៅឆ្នាំ២០១៤ ដល់ ៦៩ ៨៥០ហ.ត នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពី ៤១៥ ២៣៩តោន នៅឆ្នាំ២០១៤ ដល់ ៨១០ ០៦៤ តោន នៅឆ្នាំ២០២១ ដោយឡែកទិន្នផលបន្លែក៏បានកើនឡើងពីប្រមាណ ៨តោន/ហ.ត នៅឆ្នាំ២០១៤ ដល់ប្រមាណជាង១២តោន/ហ.ត នៅឆ្នាំ២០២១ នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង