Yearendyearend1140x150
Img 0571

កម្ពុជារៀបចំ«ប្រឡងបាក់ឌុប»ជាលើកដំបូងក្នុងបរិបទកូវីដ ខណៈបេក្ខជនជាង១១ម៉ឺន៤ពាន់នាក់ចូលរួមប្រឡង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងចាប់ផ្តើមនៅថ្ងៃទី២៧ និងទី២៨ ស្អែកនេះ។មុន១ថ្ងៃនេះការប្រឡងបេក្ខជនទាំងអស់តម្រូវឱ្យទៅមណ្ឌលប្រឡង ពិនិត្យលេខតុ លេខបន្ទប់ ស្ទង់កម្តៅ និងទទួលស្ទីកឃ័រសុខភាព ហើយនេះគឺជាឆ្នាំដំបូលដែលក្រសួងអប់រំកម្ពុជារៀបចំការប្រឡងក្នុងបរិបទកូវីដ១៩។

បេក្ខជនចុះឈ្មោះប្រឡងសរុបជាង១១ម៉ឺន៤ពាន់នាក់ នឹងចូលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា​២០២០-២០២១ នឹងចាប់ផ្តើមនៅថ្ងៃទី២៧ និងទី២៨ ស្អែកនេះ ហើយការប្រឡងនេះ ជាឆ្នាំដំបូងហើយសម្រាប់កម្ពុជា ដែលរៀបចំការប្រឡងដ៏ធំមួយនេះក្នុងបរិបទកូវីដ១៩ ខណៈសិស្សានុសិស្សស្ទើរតែទាំងស្រុង រៀនសូត្រតាមប្រព័ន្ធអនឡាញ ច្រើនជាងការរៀនសូត្រដោយផ្ទាល់នៅឯសាលារៀន។

មុខ១ថ្ងៃនេះការប្រឡងចូលមកដល់បេក្ខជនទាំងអស់ត្រូវបានតម្រូវស្ទង់កម្តៅ ដើម្បីទទួលស្ទីកឃ័រសុខភាព។ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ  “ករណីបេក្ខជន វិជ្ជមានជំងឺកូវីដ-១៩ ត្រូវទៅទទួលការព្យាបាល ស្របតាមវិធានវេជ្ជសាស្ត្រ និងមិនអនុញ្ញាតឱ្យ ចូលប្រឡងឡើយ ដើម្បីជៀសវាងការចម្លង ជំងឺនៅក្នុងមណ្ឌល ប្រឡង។តាមយន្តការបច្ចេកទេសកន្លងមក ចំពោះ បេក្ខជនអវត្តមានដោយមូលហេតុបុគ្គល ចាប់ពី១វិញ្ញាសាឡើងទៅ ត្រូវកំណត់ឱ្យធ្លាក់ ដោយស្វ័យប្រវត្តិ។”

បើតាមក្រសួងអប់រំ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​ថ្ងៃ​អាទិត្យ​ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។ សិស្សានុសិស្សទាំងអស់ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស់ វាស់កម្តៅទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នេះមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់។

គួររម្លឹកជូនថា ឥទ្ធិពល​នៃ​កូវីដ១៩​ ធ្វើ​ឲ្យ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(បាក់ឌុប)​នៅ​ឆ្នាំ​២០២០​ ត្រូវ​បាន​លើក​ពេល​ម្តង​ហើយ​ម្តង​ទៀត​ ហើយ​ចុង​ក្រោយ​នេះ​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយមិនចាំចាប់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង