Yearendyearend1140x150

មហាសន្និបាតសង្ឃហាម«ព្រះសង្ឃ»មិនឲ្យធ្វើបាតុកម្ម កូដកម្ម កុបកម្ម ក្នុងទីសាធារណៈ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាពព្រះសង្ឈបានចូលរួមធ្វើបាតុកម្មកន្លងមក

ភ្នំពេញ៖ មហាសន្និបាតមន្ត្រីសង្ឃ បានបើកកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរមតិយោបល់ ស្តីពីការអនុវត្តសង្ឃ និង លើកទិសដៅប្រចាំឆ្នាំសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំខាងមុខ។នៅចំណុចទី៥ បព្វជិតពុទ្ធសាសនាកម្ពុជា មានសិទ្ធិសេរីភាពក្នុងការសម្តែងមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែមិនត្រូវធ្វើ ឬចូលរួម ដង្ហែជាក្បួនបាតុកម្ម កូដកម្ម កុបកម្ម ក្នុងទីសាធារណៈ ដែលជាហេតុនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ ភេទជាអ្នកបួស ប៉ះពាល់ ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

បន្ថែមនេះ ពង្រឹងការបដិបត្តិធម៌វិន័យរបស់ភិក្ខុ-សាមណេរក្នុងពុទ្ធសាសនមណ្ឌលកម្ពុជា ក្នុងនោះរួមមាន៖ ចតុប្បារិសុទ្ធិសីល អភិសមាចារ ដូចជា កោរកេសា រោមចិញ្ចើម និងស្លៀកដណ្តប់ស្បង់ចីវរឱ្យជាបរិមណ្ឌល សក្តិសមជាសមណសក្យបុត្ដិយ៍។ អង្គអនុសំវច្ឆរមហាសន្និបាត សម្រេចកំណត់ឱ្យភិក្ខុ សាមណេរ នៃគណៈមហានិកាយ ប្រើប្រាស់សំពត់កាសាវពស្ត្រ (ស្បង់ស្បែត្រៃចីវរ) តែពីរពណ៌ប៉ុណ្ណោះគឺ៖ ពណ៌ទឹកក្រូច និងពណ៌ខ្លឹមខ្នុរ។

ភិក្ខុ សាមណេរក្នុងពុទ្ធសាសនមណ្ឌលនៃកម្ពុជរដ្ឋ ត្រូវមានក្រឹត្យក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តិ ចំពោះគ្រូឧបជ្ឈាយាចារ្យ និងប្រមុខដឹកនាំសង្ឃគ្រប់លំដាប់ថ្នាក់។ ក្នុងករណីភិក្ខុ សាមណេររូបណាមិនស្តាប់ឱវាទ ដំបូន្មាន ប្រៀនប្រដៅ មានអស្មិមានះ របឹងរឹងរូស ត្មះតិះដៀល ប្រមាថកាតទានដល់ប្រមុខដឹកនាំសង្ឃ, ភិក្ខុ សាមណេរ រូបនោះត្រូវបានដាក់ឱ្យនៅក្រៅសង្វាស និងសហគមន៍សង្ឃ។

សូមជម្រាបថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ បានប្រារព្ធពិធីបើកនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏សម្តេចអគ្គមហាពញាចក្រី ហេង សំរិន តំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះអគ្គមហា ព្រះសង្ឈជាច្រើនអង្គ ព្រមទាំងលោកជំទាវ ម៉ែន សំអន តំណាងរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង