Yearendyearend1140x150
Img 0571

ប្រមុខ​រដ្ឋ​វៀតណាមលោក ង្វៀន សួនហ៊្វុក ផ្តើមបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជានាថ្ងៃនេះ​

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ៊្វុក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។រូបភាព៖ FN 

ភ្នំពេញ៖ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ៊្វុក នៅថ្ងៃទី ២១ ធ្នូនេះ បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​២១​ ដល់​២២ ​ខែ​ធ្នូ​ ឆ្នាំ​២០២១។ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​រូប​នេះ ធ្វើ​ឡើង​តិច​ជាង​២​សប្តាហ៌មុន​ពេល​ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​សមាគម​អាស៊ាន​នៅ​ដើម​ឆ្នាំ​២០២២។

ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ង្វៀន សួនហ៊្វុក នឹង​ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ បរមនាថ នរោត្តម​ សីហមុនី ​និង​សម្តេច​ព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ​ សីហនុ​ ហើយ​ក៏​គ្រោង​ជួបសម្តេច សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា សម្តេច​ ហេង សំរិន ប្រធាន​រដ្ឋសភា និងសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមក្រសួងការបរទេសកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជា​ណាច​ក្រកម្ពុជា​ នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាការកត់សម្គាល់ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ ប្រធាន​រដ្ឋ​វៀតណាម​រូប​នេះ ក៏​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវដែល​ជាប់​ភូមិ​ផង​របង​ជាមួយ​កម្ពុជា​ផង​ដែរ​។ទស្សនកិច្ចនេះ អាចជា​អ្វី​មួយ​ដែល​មើល​ឃើញ​ថា ​វៀតណាមកំពុងព្យាយាម​រក្សា​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​ ក្នុង​ពេល​ដែល​ប្រទេស​ចិនកំពុង​តែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់។

ប្រទេស​វៀតណាម មានព្រំដែនជាប់ជាមួយប្រទេសចិន និង ជា​ភាគី​ជម្លោះ​ទាមទារ​អធិបតេយ្យ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។មិនតិច​ជាង​១​សប្តាហ៌មុន​ពេល​ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​សមាគម​អាស៊ាន​នៅ​ដើម​ឆ្នាំ​២០២២។ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន សម្តេច ហ៊ុន សែន បានប្រកាសនឹង​ខិតខំ​សម្របសម្រួល​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​ប្រទេស​ចិន​ក្នុង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​សម្រេច​ឲ្យ​បាន​ក្រមប្រតិបត្តិ​មួយ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង ​ឬ​ហៅ​កាត់​ថា ​COC​ (Code of Conduct for the South China Sea)។ម្យ៉ាងវិញទៀត ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមនៅកម្ពុជាលើកនេះ អាចនឹងជជែកពីបញ្ហាមួយចំនួនដូចជាបញ្ហាភូមាផងដែរ។

គួរបញ្ជាក់ថា ក្នុង​អំឡុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​ ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ៊្វុក នឹង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ជា​អធិបតី​បញ្ចុះ​បឋម​សិលា​សាងសង់​អគារ​រដ្ឋបាល​ថ្មី​មួយ​របស់​រដ្ឋសភា​កម្ពុជា។ការ​សាង​សង់​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា​កម្ពុជា គ្រោង​នឹង​បើក​ការ​ដ្ឋាន​នៅ​ដើម​ឆ្នាំ​២០២២ ចំណាយ​ទឹក​ប្រាក់​អស់​ ២៥ ​លាន​ដុល្លារ​អាមេរិក​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង