Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ជប៉ុននឹងផ្ដល់ជំនួយវ៉ាក់សាំងAstraZeneca ប្រមាណ៣០ម៉ឺនដូសដល់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយវ៉ាក់សាំងAstraZeneca ចំនួនប្រមាណ៣០ម៉ឺនដូសដល់ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវ៉ាក់សាំងប្រមាណ១លានដូសដែលបានផ្តល់ជូនរួចរាល់។ ការសម្រេចនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ថ្លែងក្នុងសាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។ ឯកឧត្តមសង្ឃឹមថាជំនួយនេះនឹងរួមចំណែកបន្ថែមទៀតដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម បញ្ជាក់ថា ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណ ច្រើនជាង៦០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។

បន្ថែមនេះឯកឧត្តម ថាជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយឯកឧត្តមក៏បួងសួងជូនពរដល់ប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងតែខិតខំប្រឹងប្រែងប្រឈមនឹងស្ថានភាពដ៏លំបាកនេះ៕

Khcct banner

អត្ថបទទាក់ទង