Cct850x100 1
1800px x h300px kh

វិស័យសំខាន់៤ត្រូវបានរដ្ឋាភិបាលត្រៀមយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភ្នំពេញ៖ ក្នុងការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យបានល្អប្រសើរឡើងវិញ ក្នុងពេលនិងបន្ទាប់វិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមយុទ្ធសាស្រ្តស្តារនិងជំរុញកំណើនសេដ្ឋកិច្ចនូវវិស័យសំខាន់៤មុនគេរួមមាន វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនៅថ្ងៃទី១៤ធ្នូនេះ ឯកឧត្តម ផាន់ ផល្លា ថាចំពោះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ក្រសួងសេដ្ឋកិច្ចនឹងធ្វើការស្តារឡើងវិញតាមរយៈ ការផ្តល់នូវហិរញ្ញប្បទាន, ការលើកទឹកចិត្តសារពើពន្ធ, ការវិនិរយោគសាធារណៈ, ការដោះស្រាយបញ្ហាជាប្រព័ន្ធ, ការបើកចំហរទីផ្សារ, កម្មវិធីសាច់ប្រាក់ដើម្បីពលកម្ម និងការរៀបចំគោលនយោបាយផ្សេងៗ។

ឯកឧត្តម ផាន់ ផល្លា បន្តថា ចំពោះទេសចរណ៍ការផ្តល់នូវហិរញ្ញប្បទាន, ការលើកលែងពន្ធ, ការអនុគ្រោះការយកកម្រៃអាជ្ញាបណ្ឌ និងលិខិតអនុញ្ញាត, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ជំរុញការអនុវត្តផែនការមេនៅតាមខេត្ត។ រីឯវិស័យកាត់ដេរ ជំរុញការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៥។

ចំណែកវិស័យកម្មន្តសាលមិនមែនកាត់ដេរ រៀបចំ ផែនការមេដើម្បីអភិវឌ្ឍន៍ នឹងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ បន្តជំរុញការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។

ឯកឧត្តម ផាន់ ផល្លា បញ្ជាក់ថា ដើម្បីគាំទ្រនូវការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីគោលនយោបាយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច បានដាក់ចេញនូវផែនការលម្អិត សម្រាប់អនុវត្តក្នុងវិស័យនីមួយៗ ដែលនៅក្នុងសសរស្តម្ភទាំង៣ ព្រមទាំងមានការកំណត់ក្រសួង-ស្ថាប័នទទួលខុសត្រូវ និងពេលវេលាអនុវត្តជាក់លាក់។

រដ្ឋាភិបាលកម្ពុជាត្រៀមយុទ្ធសាស្រ្តស្តារនិងជំរុញកំណើនសេដ្ឋកិច្ចនូវសសរស្តម្ភ៣រួមមាន៖ ១.ការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការជំរុញកំណើនវិស័យសំខាន់ៗ ដែលជាចន្ទល់សេដ្ឋកិច្ចមុនវិបត្តិនៃជំងឺកូវីដ-១៩ ឲ្យវិលទៅស្ថិតលើមាគ៌ានៃកំណើនឡើងវិញ ខណៈជំរុញបន្ថែមនូវវិស័យដែលមានសក្កានុពល។

២. ការកែទម្រង់ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្ម និងភាពប្រកួតប្រជែង តាមរយៈការបន្តដាក់ចេញនូវវិធានការកែទម្រង់សំខាន់ៗដូចជារចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់ការវិនិយោគនិងធុរកិច្ច ក៏ដូចជាការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់។

បន្ថែមនេះ ឯកឧត្តម បានបន្តថា ចំណុចទី៣. ការពង្រឹងភាពធន់ តាមរយៈការត្រៀមខ្លួន និងការឆ្លៀយតប ដើម្បីធានាបាននូវចីរភាព និងបរិយាប័ន្ន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការទប់ទល់នឹងជំងឺ ឬវិបត្តិស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង