Yearendyearend1140x150

បណ្ឌិតសុខ ទូច៖កម្ពុជាគួរផ្ដោតលើទេសចរណ៍សំខាន់៥ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (រូបភាព៖ រាជបណ្ឌិតសភាកម្ពុជា) 

ភ្នំពេញ៖ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់ ៥ ដូចជា ទេសចរណ៍វប្បធម៌, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍សិប្បនិម្មិត,ទេសចរណ៍ផលិតផល និងទេសចរណ៍សុខភាព។ នេះជាការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងសមាគមទេសចរណ៍កម្ពុជា ព្រមទាំងសណ្ឋាគារធំៗចំនួន៤នៅកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា ការជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍របស់កម្ពុជាបន្ថែមទៀត តាមរយៈការពង្រឹង និងជំរុញបង្កើននូវប្រភេទគោលដៅទេសចរណ៍របស់ខ្លួនឱ្យកាន់តែសម្បូរបែបសម្រាប់ភ្ញៀវទេសចរដែលមានបំណង មកកម្សាន្តនៅកម្ពុជា។លោកថា បច្ចុប្បន្ន គោលដៅទេសចរណ៍ទីមួយ ដែលភ្ញៀវទេសចរនឹកឃើញមុនគេសម្រាប់ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ ដែលប្រទេសកម្ពុជាជាប្រទេសមានវប្បធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ ពិសេសសំណង់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និង ជាសំណង់ប្រាសាទធំជាងគេដែលឧទ្ទិសដល់សាសនា។

ក្រៅពីនេះ កម្ពុជានៅមានសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលរួមមានបឹងទន្លេសាប ព្រៃភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យមកធ្វើដំណើរកម្សាន្តជាបន្តបន្ទាប់។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច។

ឯកឧត្ដមបន្តថា សម្រាប់ប្រភេទទេសចរណ៍សិប្បនិម្មិត ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការរួចហើយ នៅតាមបណ្ដាប្រទេសមួយចំនួន រួមមានដូចជាប្រទេសជប៉ុន សិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅដើរកម្សាន្ត និងប្រមូលបានចំណូលយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចប្រទេសទាំងនោះ។

លោកបណ្ឌិត សុខ ទូច បានអះអាងថា ប្រទេសកម្ពុជាដែលសម្បូរបែបទៅដោយផលិតផលដែលកំណត់នូវអត្តសញ្ញាណទីតាំងនានា ពិសេសទឹកដីសៀមរាបអង្គរ និងបណ្ដាខេត្តជុំវិញបឹងទន្លេសាប សុទ្ធសឹងតែអាចត្រូវបានរំលេចឱ្យចេញផលិតផលតំណាងទីតាំងនីមួយៗបានយ៉ាងងាយ។ ទោះជាយ៉ាងណា សព្វថ្ងៃ ប្រភេទទេសចរណ៍ផលិតផលនេះនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការពង្រឹង និងជំរុញឱ្យកាន់តែខ្លាំងនូវអ្វីដែលជាផលិតផលរបស់ខ្មែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង