Foton on ads news final
Cct850x100 1
Sme laon web banner(1800 x 300)

គ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័របង្កឱ្យមានការប្រុងប្រយ័ត្នរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
គ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័របង្កឱ្យមានការប្រុងប្រយ័ត្នរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី ប្រភពរូប៖ រ៉យទ័រ

ឥណ្ឌូនេស៊ី៖ នៅថ្ងៃអង្គារនេះ ប្រហែលម៉ោង ១០ និង ២០នាទី មានការរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃកោះ Flores ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជំរុញឱ្យអាជ្ញាធរក្នុងតំបន់ចេញការព្រមានអំពីរលកយក្សស៊ូណាមិ សម្រាប់ផ្នែកខ្លះនៃប្រទេសកោះធំជាងគេលើពិភពលោក។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី (BMKG) បានចេញការប្រកាសអាសន្នរលកយក្សស៊ូណាមិសម្រាប់កោះ Flores និង Lembata ដោយសហគមន៍ត្រូវបានណែនាំឱ្យ "នៅឱ្យឆ្ងាយពីឆ្នេរ និងច្រាំងទន្លេ" ភ្លាមៗបន្ទាប់ពីការរញ្ជួយដីត្រូវបានរាយការណ៍។

ទីភ្នាក់ងារឧតុនិយម BMKG ដំបូងបានរាយការណ៍ពីការរញ្ជួយដីនេះថា ជាការរញ្ជួយកម្រិត ៧.៥ រ៉ិចទ័រ ខណៈពេលដែលការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានដាក់កម្រិត ៧.៦ រ៉ិចទ័រ ហើយក្រោយមកបានបន្ទាបមកត្រឹម ៧.៣ រ៉ិចទ័រ នៅលើមាត្រដ្ឋាន Richster ។

ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានកត់ត្រាការរញ្ជួយដីកម្រិត ៧.៦ បានព្រមានថា រលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់គឺ អាចកើតឡើងនៅឆ្នេរសមុទ្រដែលស្ថិតនៅចម្ងាយ ១០០០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី។ ការរញ្ជួយដីបានវាយប្រហារតំបន់នេះចម្ងាយប្រហែល ១១២ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Maumere ក្នុងជម្រៅ ១៨.៥ គីឡូម៉ែត្រ។ ទីក្រុង Maumere គឺជាទីក្រុងធំជាងគេទីពីរនៅលើកោះ Flores និងជាទីជម្រករបស់មនុស្សប្រហែល ៨៥,០០០ នាក់។

ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅតាមបណ្តោយ 'Pacific Ring of Fire' ដែលបណ្តាលឱ្យមានភ្នំភ្លើង និងការរញ្ជួយដីភាគច្រើនលើពិភពលោក វាមិនចម្លែកទេដែលឥណ្ឌូណេស៊ីអាចកើតមានរលកយក្សស៊ូណាមិនេះ។

គួររំលឹកថា នៅខែធ្នូ ឆ្នាំ ១៩៩២ ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារកោះ Flores ដែលបណ្តាលឱ្យមានរលកយក្សស៊ូណាមិ និងមនុស្សប្រហែល ២,៥០០ នាក់បានស្លាប់៕

Khcct banner

អត្ថបទទាក់ទង