Yearendyearend1140x150

ចិនផ្ដល់ជំនួយគម្រោងកែលម្អបណ្ណាល័យមេគង្គ-ឡានឆាងនៅសាលាក្នុងខេត្តព្រៃវែង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រៃវែង៖ ដើម្បីជាប្រយោជន៍សាធារណៈក្នុងការបង្កើនបរិមាណអ្នកអាន និងធនធានមនុស្សនៅតាមមូលដ្ឋាននៃប្រទេសកម្ពុជា បណ្ដាសប្បុរសជនចិនបានផ្ដល់ជំនួយប្រមាណ៣៥លានរៀល ដើម្បីអនុវត្តលើគម្រោងកែលម្អបណ្ណាល័យមេគង្គ-ឡានឆាង នៅសាលាបឋមសិក្សាព្រហារ ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

គួរជម្រាបថា ជំនួយថវិកានេះគឺជាជំនួយឧបត្ថម្ភរបស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ព និងចែកផ្សាយសៀវភៅទៅកាន់បរទេស និងមូលនិធិសប្បុរសធម៌សុខភាពសាធារណៈប៉េកាំង តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

បន្ទាប់ពីគម្រោងកែលម្អនេះត្រូវបានបញ្ចប់ ភាគីកម្ពុជា-ចិនក៏បានរៀបចំដាក់ឱ្យដំណើរការឡើងវិញនូវបណ្ណាល័យមេគង្គ-ឡានឆាងនេះ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលកម្មវិធីធ្វើឡើងនៅក្នុងនៅសាលាបឋមសិក្សាព្រហារតែម្ដង។

នាឱកាសនោះ លោកស្រី ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងព្រះតេជគុណ ចាវ ស៉ីង (Zhao Xin) ប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន ដែលបានកៀរគរជំនួយឧបត្ថម្ភនានាក្នុងការចូលរួមកែលម្អបណ្ណាល័យនេះ ដើម្បីជាប្រយោជន៍សាធារណៈក្នុងការបង្កើនបរិមាណអ្នកអាន ជាមួយនឹងបរិមាណដ៏ច្រើននៃសៀវភៅអានទាំងខេមរភាសា ភាសាចិន និងភាសាបរទេសជាច្រើនទៀត។

លោកស្រី ខ្លូត ធីតា បានរំលេចពីទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិទាំងពីរកម្ពុជានិងចិន ដែលបណ្ណាល័យមេគង្គ-ឡានឆាងនេះនឹងក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសទាំងពីរថែមមួយកម្រិតទៀត។

តាមរយៈលោក ឈ័ន យានកាង (Quan Yangang) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្ញើសារលិខិតអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ ដោយបានរំលេចពីគុណតម្លៃរបស់បណ្ណាល័យនេះថាជា «មជ្ឈមណ្ឌលតម្កល់ឯកសារអានសម្រាប់បង្កើនពុទ្ធិដល់កុមារកម្ពុជាកាន់តែច្រើន»។

ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណជិត៦០០នាក់ លោក បឿន ធាក នាយកសាលាបឋមសិក្សាព្រហារ បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ជាពិសេសមិត្តចិនដែលបានចូលរួមនៅក្នុងការកែលម្អសោភ័ណភាព និងធ្វើទំនើបកម្មបណ្ណាល័យ ព្រមទាំងផ្តល់កុំព្យូទ័រ ព្រីនថឺរ សៀវភៅអានជាខេមរភាសា និងភាសាចិនសរុបចំនួន៨០០ក្បាល ក៏ដូចជាបានផ្តល់នូវសម្ភារសិក្សាជាច្រើនដល់សិស្សានុសិស្ស៤៧៥នាក់ សរុបជាថវិការួមមានចំនួនប្រមាណ៣៥លានរៀល៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង