Yearendyearend1140x150

សហជីពការងារដាក់ញ្ញត្តិស្នើក្រសួងដោះស្រាយសំណើ៧ចំណុច នៅថ្ងៃ១០ធ្នូទិវាសិទ្ធិមនុស្ស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ CLC Cambodia

ភ្នំពេញ៖ នៅថ្ងៃទី១០ធ្នូនេះ គឺជាថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សខួបលើកទី៧៣ ហើយថ្ងៃនេះដែរក្រុមសហព័ន្ធសហជីពការងារ ដែលបានដឹកនាំដោយប្រធានសហព័ន្ធសហជីពការងារ លោក អាត់ ធន់ បានដាក់ញ្ញត្តិ នៅមុខក្រសួងការងារ ដើម្បីស្នើក្រសួងការងារ និងរាជរដ្ឋាភិបាលដោះស្រាយសំណើរួមចំនួន ៧ចំណុច។

បើតាមលោក អាត់ ធន់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថាសំណើរួមចំនួន ៧ចំណុចមាន ១. ស្នើក្រសួងបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត៤០ដុល្លារអាមេរិក ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ព្រមទាំងពង្រីកដល់វិស័យផ្សេងៗផងដែរ។ ២. ស្នើក្រសួងបន្តពង្រឹង និងពង្រីករបបសន្តិសុខសង្គមដល់កម្មករនិយោជិត ដែលងាយរងគ្រោះ ផ្សេងទៀត ជាពិសេស វិស័យកសិកម្ម សំណង់ និងសិប្បកម្មកែច្នៃ រួមទាំងអនុវត្តរបបសោធននិវត្ត ឱ្យបានឆាប់បំផុត។

៣. ស្នើក្រសួងចុះអធិការកិច្ចនៅតាមបណ្ដាក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាសទាំងឡាយណា ដែលបាន បញ្ឈប់កម្មករនិយោជិត និងមិនបានផ្ដល់អត្ថប្រយោជន៍តាមច្បាប់ ជាពិសេសបញ្ឈប់តំណាង សហជីពដែលត្រូវបានការពារដោយបញ្ញត្តិច្បាប់។ ៤. ស្នើក្រសួង និងរាជរដ្ឋាភិបាល បញ្ចូលមកវិញនូវថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលមានប្រាក់ឈ្នួល ជាពិសេស ថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ(១០ធ្នូ) និងទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស (២៣តុលា)។

៥. ស្នើក្រសួង ជួយពន្លឿនការដោះស្រាយវិវាទការងាររបស់សហជីព ដែលនៅជាប់គាំងទាំងក្នុង និង ក្រៅប្រព័ន្ធតុលាការ។ ៦. ស្នើក្រសួង និងរាជរដ្ឋាភិបាល រៀបចំឱ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យសំណង់ ទេសចរណ៍ និងសេវាកម្ម ដឹកជញ្ជូន និងវិស័យសំខាន់ៗមួយចំនួនទៀត។ ៧. ស្នើក្រសួង និងរាជរដ្ឋាភិបាល បញ្ចុះតម្លៃប្រេងសាំង និងទំនិញសំខាន់ផ្សេងៗ ដើម្បីធានាជីវភាព រស់នៅ របស់កម្មករនិយោជិត និងប្រជាពលរដ្ឋ។

លោក អាត់ ធន់ បានគូសបញ្ជាក់ពីមូលហេតុក្រុមសហព័ន្ធសហជីពការងារ ដែលបានដឹកនាំដោយ លោកផ្ទាល់បានដាក់ញ្ញត្តិ នៅមុខក្រសួងការងារនិងថ្ងៃនេះ គឺដោយសារតែបញ្ហាទាំងនោះមិនបានដោះស្រាយ ដូច្នេះបានជានៅថ្ងៃទី១០ធ្នូនេះ ក្រុមសហជីពបានដាក់ញ្ញាតិ្តស្នើសុំដល់ក្រសួងការងារ និងរាជរដ្ឋាភិបាលដោះស្រាយនូវបញ្ហាប្រឈម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង