Yearendyearend1140x150

លោក កាំង តុងងី៖ពលរដ្ឋកម្ពុជាភាគច្រើនមិនចេះ«សន្សំប្រាក់»ពេលជួបបញ្ហារត់ខ្ចីគេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៧ ខែធ្នូនេះ បានសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ការបញ្ឈប់នេះ ត្រូវបានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)ចាត់ទុកថានឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យ ដើម្បីទាក់ទាញអោយប្រជាជនមានទំលាប់សន្សំនៅតាមគ្រឹះស្ថានផ្លូវការ ខណៈពលរដ្ឋកម្ពុជាភាគច្រើនមិនចេះ«សន្សំប្រាក់»។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងចាត់ទុកសម្រេចរបស់ធនាគារជាតិនៃកម្ពុជា ជាការបើកឱកាសដល់ដល់គ្រឹះស្ថានដែលកំពុងដំណើរការស្រាប់អោយចូលរួមពង្រឹង និងពង្រីកសេវាកម្មបន្ថែម ដើម្បីទាក់ទាញអោយប្រជាជនមានទំលាប់សន្សំនៅតាមគ្រឹះស្ថានផ្លូវការ ពោលគឺមិនមែនសន្សំតាមកូនជ្រូកដូចមុនៗនោះទេ។

បើតាមលោក កាំង តុងងី ក្នុងបរិបទបច្ចុប្បន្ន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមើលឃើញថា ការផ្តល់សេវាហិរញ្ញវត្ថុរួមទាំងសេវាទទួលប្រាក់បញ្ញើរបានទៅដល់ស្ទើរតែគ្រប់ផ្នែកទាំងអស់ក្នុងប្រទេសកម្ពុជា។ ដូចនេះសមាគម យល់ស្របថាក្នុងពេលបច្ចុប្បន្ននេះ មិនទាន់មានភាពចាំបាច់ក្នុងការផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានថ្មីៗបន្ថែមទៀតនោះទេ។

លោក កាំង តុងងី ថ្លែងថា “ការលើកទឹកចិត្តដល់អតិថិជនអោយចេះសន្សំប្រាក់ តាមគ្រឹះស្ថានផ្លូវការ នៅតែជាអាទិភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដោយសារទម្លាប់នៃការសន្សំប្រាក់នឹងជួយកាត់បន្ថយបញ្ហា ព្រមទាំងបង្កើតឨកាសដល់ប្រជាជនកម្ពុជា ដែលនៅមិនទាន់មានទម្លាប់សន្សំបានល្អនៅឡើយ។”

លោក កាំង តុងងី បានសង្កត់ធ្ងន់ថា ទម្លាប់របស់ប្រជាជនកម្ពុជាមួយចំនួនធំ គាត់នៅមិនទាន់មានទន្លាប់សន្សំប្រាក់នៅឡើង ដែលពេលគាត់ជួបហេតុការណ៍ចៃដន្យណាមួយ ត្រូវទៅខ្ចីពីសាច់ញាតិ អ្នកជិតខាង ឬអ្នកចងការឯកជនជាដើម។ មួយចំនួនទៀតដែលមានទំលាប់សន្សំ ក៏នៅតែសន្សំដាក់កូនជ្រូក ឬដាក់នៅតាមផ្ទះជាដើម។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ ធ្នូនេះ បានសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីពង្រឹងបន្ថែមទៀត នូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ធនាគារនៃកម្ពុជា លើកទឹកចិត្តដល់វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធនាគារ និងហិរញវត្ថុដែលកំពុងប្រកបអាជីវកម្ម ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន។

បច្ចុប្បន្ននេះនៅកម្ពុជាមានធនាគារពាណិជ្ជ ចំនួន៥៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៦ ដែលទទួលបានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ ។គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរទាំង៦ ចំនួនអតិថិជនដែលដាក់ប្រាក់បញ្ញើបានកើនឡើងដល់ចំនួន ២.៨៤៩.៣៤៤នាក់ ពោលគឺកើនឡើងចំនួន ៣៣.៦៨៦នាក់ ធៀបនឹងត្រីមាសមុន ខណៈបរិមាណប្រាក់បញ្ញើបានកើនឡើងដល់ ៤.០៧៣លានដុល្លាសហរដ្ឋអាមេរិក ពោលគឺកើនឡើងចំនួន ១៩០លានដុល្លាសហរដ្ឋអាមេរិកធៀបនឹងត្រីទី២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង