Yearendyearend1140x150

ប្រទេសជាង៣០នៅលើពិភពលោកបានរាយការណ៍ពីករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសជាង៣០នៅលើពិភពលោកបានរាយការណ៍ពីករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» ប្រភពរូប៖ រ៉យទ័រ

អន្តរជាតិ៖ យ៉ាងហោចណាស់មានប្រទេស និងតំបន់ចំនួន 30 បានរាយការណ៍ពីករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» គិតត្រឹមថ្ងៃព្រហស្បតិ៍ ចាប់តាំងពីវីរុសប្រភេទថ្មីនេះ ត្រូវបានរាយការណ៍ជាលើកដំបូងកាលពីសប្តាហ៍មុន។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតាមតំបន់ ដែលបានរកឃើញ។

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌា បានរកឃើញករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»ជាលើកដំបូង។ ដោយអ្នកជំងឺប្រុសទាំង២នាក់នេះ មិនមានរោគសញ្ញាធ្ងន់ធ្ងរទេ តែអាជ្ញាធរសុខាភិបាលបានតាមដានរាល់ទំនាក់ទំនងរបស់អ្នកឆ្លងទាំងពីរយ៉ាងដិតដល់។

ក្រសួងសុខាភិបាលសិង្ហបុរី ក៏បានប្រកាសនៅថ្ងៃតែមួយដែរថា អ្នកដំណើរពីរនាក់ដែលមកពីអាហ្វ្រិកខាងត្បូងបានឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» ផងដែរ។ អ្នកដំណើរទាំងពីរនាក់ ជាពលរដ្ឋសិង្ហបុរី និងជាអ្នករស់នៅអចិន្ត្រៃយ៍ ត្រូវបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ និងកំពុងមានរោគសញ្ញាស្រាល រួមមានក្អក និងឈឺបំពង់ក។ ខណៈអ្នកដំណើរ ១៩ នាក់ផ្សេងទៀតនៅលើជើងហោះហើរជាមួយនឹងអ្នកឆ្លងទាំងពីរនាក់បានធ្វើតេស្តអវិជ្ជមាន ហើយកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។

នៅក្នុងប្រទេសប្រេស៊ីល អភិបាលស្រុកសហព័ន្ធនៃរដ្ឋធានី Brasilia លោក Ibaneis Rocha កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ពួកគេបានបញ្ជាក់ពីករណីចំនួនពីរនៃករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»។ ដោយ រហូតមកដល់ពេលនេះមានករណីចំនួន ៥ នៅក្នុងប្រទេសប្រេស៊ីល។ ហើយករណីដែលបានបញ្ជាក់ដំបូងចំនួន៣ គឺសុទ្ធតែនៅក្នុងរដ្ឋ Sao Paulo ហើយទាំងអស់បានធ្វើដំណើរទៅអាហ្វ្រិកខាងត្បូង។

ទន្ទឹមនឹងនេះ ប្រទេសស៊ុយអែត ក៏បានបញ្ជាក់ពីករណីចំនួន ៦ នៃករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» ដែលទាំងអស់មានរោគសញ្ញាស្រាល។

នៅក្នុងប្រទេសអេស្បាញវិញ បានបញ្ជាក់ពីករណីដំបូងនៃការឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» តាមសហគមន៍ ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ដោយអាជ្ញាធរសុខាភិបាល។

សាជីវកម្មផ្សព្វផ្សាយដាណឺម៉ាកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ផងដែរថា ប្រទេសដាណឺម៉ាកបានបញ្ជាក់ពីករណីចំនួន ១៤ នៃករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»។

ក្រសួងសុខាភិបាលក្រិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»ដំបូងត្រូវបានបញ្ជាក់នៅក្នុងកោះ Crete ដែលជាកោះធំជាងគេរបស់ប្រទេស។ អ្នកជំងឺគឺជាបុរសដែលបានត្រឡប់មកពីអាហ្វ្រិកខាងត្បូងកាលពីខែមុន។ គាត់មានរោគសញ្ញាស្រាល ហើយទំនាក់ទំនងជិតស្និទ្ធរបស់គាត់ទាំងអស់ស្ថិតនៅដាច់ដោយឡែក។

នៅថ្ងៃដដែលនោះ ប្រទេសបារាំងបានប្រកាសពីករណីដែលត្រូវបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេសនេះនៃករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»នេះ។ អ្នកជំងឺបានត្រឡប់មកប្រទេសបារាំងវិញ ពីប្រទេសនីហ្សេរីយ៉ានៅថ្ងៃទី ២៥ ខែវិច្ឆិកា ហើយបានធ្វើតេស្តវិជ្ជមាននៅអាកាសយានដ្ឋាន ប៉ុន្តែមិនមានរោគសញ្ញាអ្វីឡើយ។

អាជ្ញាធរសុខាភិបាលនៃប្រទេសអ៊ីស្លង់ កាលពីថ្ងៃព្រហស្បតិ៍ ក៏បានរាយការណ៍ករណីដែលត្រូវបានបញ្ជាក់ជាលើកដំបូងរបស់ប្រទេសនៃករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»ដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកជំងឺជាបុរសពេញវ័យ មិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសទេ ហើយបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ថ្មីៗនេះ ប្រទេសម៉ាឡេស៊ី បានរកឃើញករណីវិជ្ជមានកូវីដ១៩បំលែងថ្មីប្រភេទ អូមីក្រុង ដំបូងបំផុត។នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៍មាន ស៊ីន ជីវ ដេលី របស់ប្រទេសម៉ាឡេស៊ីដែលផ្សាយនៅថ្ងៃនេះ។ លោក Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩បំលែងថ្មីប្រភេទ អូមីក្រុង ទីមួយនេះគឺជាករណីនាំចូល។

នៅទ្វីបអាហ្រ្វិក អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសហ្ស៊ីមបាវ៉េ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ផងដែរថា ករណីនៃកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» ត្រូវបានរាយការណ៍នៅក្នុងប្រទេសនេះ ប៉ុន្តែមិនបានបង្ហាញពីចំនួនពិតប្រាកដនោះទេ។

សូមបញ្ជាក់ថា ករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង» នេះ ក៏បានរីករាលដាលដល់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង