Yearendyearend1140x150
Img 0571

ការនាំចេញទំនិញកម្ពុជាទៅទីផ្សារចិនកើនឡើង៤៩.០២% រយៈពេល១០ខែឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម។

ភ្នំពេញ៖ គិតក្នុងរយៈពេល១០ខែឆ្នាំ២០២១ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារចិនបានកើនឡើង៤៩.០២% ខណៈការនាំចូលពីទីផ្សារចិនកើនឡើង ៣៧.០៣% បើប្រៀបធៀបឆ្នាំ២០២០ក្នុងរយៈពេល១០ខែដូចគ្នា។ ជារួមទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនក្នុងរយៈពេល១០ខែឆ្នាំ២០២១នេះ មានការកើនឡើងរហូតដល់ ៣៨.៥៦%។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកគយនិងរដ្ឋករកម្ពុជានៃក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ទោះបីក្នុងបរិបទកូវីដ-១៩ ឃើញថាក្នុងរយៈពេល១០ខែឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនកើនឡើងទាំងការនាំចេញ និងការនាំចូល បើធៀបនឹងឆ្នាំ២០២០ក្នុងរយៈពេល១០ខែដូចគ្នា ដែលតួលេខនៃការកើនឡើងរួមទៅលើទំហំពាណិជ្ជកម្ម ៣៨.៥៦%។

ឯកឧត្តម បន្តថា សង្គេតមើលតួលេខនេះ មិនមានឧបសគ្គធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ជះឥទ្ធិពលមកលើការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរគឺប្រទេសចិននិងកម្ពុជាទេ មានផលបច្ច័យប៉ះពាល់បន្តិចបន្តួចទាក់ទងនឹងការដឹកជញ្ជូនទំនិញ ពីព្រោះវិបត្តិកូវីដធ្វើឲ្យការដឹកជញ្ជូនឡើងថ្លៃ វាធ្វើឲ្យការជើងដឹកជញ្ជូនខ្សត់មិនសូវមានកប៉ាលចេញចូលច្រើន ដូច្នេះធ្វើឲ្យការដឹកជញ្ជូនឡើងថ្លៃ និងមានការរអាក់រអួលដល់ទំនាក់ទំនងទៅដល់ការនាំចេញទំនិញ។

ឯកឧត្តម បានបញ្ជាក់ថា ប្រទេសចិនមិនមែនជាប្រទេសជិតខាងគ្នាជាមួយកម្ពុជានោះទេ ដូច្នេះការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹក ហើយក្នុងនោះក៏មិនមែនអាចដឹកទៅប្រទេសចិនដោយផ្ទាល់បាន គឺមានពីរផ្លូវគឺមានការដឹកចេញដោយផ្ទាល់ និងទៅតាមកំពុងផែទឹកជ្រៅព្រះសីហនុ និងការដឹកចេញទំនិញឆ្លងកាត់តាមរយៈប្រទេសវៀតណាមដែលជាប្រទេសសម្រាប់ទំនិញកម្ពុជាឆ្លងកាត់ទម្រាំដល់កំពង់ផែប្រទេសចិន។ ចំពោះទំនិញកសិផល កម្ពុជាអាចនាំចេញទៅចិនបាន ដែលមានការឯកភាពមានការចុះទីផ្សារទៅលើទំនិញកសិកម្មដូចជា ដំឡូង ស្វាយ ចេក អង្ករ ជាទំនិញដែលអាចនាំចេញបាន។

អ្វីដែលទំនិញកសិផលកម្ពុជា មិនអាចនាំចេញទៅបានគឺបញ្ហាអនាម័យ និងភូតគាមអនាម័យ ប៉ុន្តែបញ្ហានេះវានឹងត្រូវដោះស្រាយជាបណ្តើរៗ ពីព្រោះករណីអនាម័យ និងភូតគាមអនាម័យគឺជាវិធានមួយដែលប្រទេសទាំងអស់នៅលើពិភពលោកប្រកាន់យកដើម្បីរក្សាបង្ការការពារដើម្បីកុំឲ្យមានការឆ្លងសត្វល្អិតចង្រៃ ឬជំងឺប៉េស ដែលជាផលរំខានដល់ផលដំណាំ។ ដូច្នេះចាំបាច់ត្រូវតែចរចា និងត្រួតពិនិត្យរួមគ្នា ឬឯកភាពគ្នាលើវិធាននិមួយៗតាមរយៈការផ្លាសើប្តូរបច្ចេកទេសក្នុងការជូនដំណឹងផ្សេងៗ។

ឯកឧត្តម ថ្លែងថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុននេះ ក្រសួងរំពឹងទុកថានឹងមានការកើនឡើងបន្ថែមទៀតនៅការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន ជាពិសេសទំនិញកសិផល និងទំនិញឧស្សាហកម្មរបស់សហគ្រាសតូច និងមធ្យម ដែលទាំងអស់នេះបានបង្កើនទំហំពាណិជ្ជកម្ម ទី២ អាចបង្កើនទីផ្សារការងារសម្រាប់ប្រជាពលករនៅក្នុងស្រុក ទី៣អាចនឹងទាក់ទាញអ្នកវិនិយោគដែលគេចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដើម្បីផលិតទំនិញនាំចេញទៅកាន់ទីផ្សារចិន។

ម្យ៉ាងវិញទៀតវាអាចធ្វើឲ្យទំហំពាណិជ្ជកម្មកើនឡើង អាស្រ័យដោយការនាំចេញទំនិញមួយចំនួនដែលពីមុនកម្ពុជាមិនធ្លាប់បានទទួលការអនុគ្រោះពន្ធសូន្យ ប៉ុន្តែពេលនេះបានទទួលការអនុគ្រោះពន្ធសូន្យបន្ថែមពីលើការទទួលបាននៅក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដូច្នេះទំហំពាណិជ្ជកម្មកាន់តែទូលាយ ហើយសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងទៀតក៏នឹងរួមចំណែកផងដែរនៅក្នុងការរីកចម្រើនសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ហើយក៏ជួយពង្រឹងក៏ដូចជាពង្រីកទីផ្សារបន្ថែមទៀតទៅកាន់ប្រទេសចិន និងហួសពីប្រទេសចិនបន្ថែមទៀត។

ឯកឧត្តម បានឲ្យដឹងទៀតថា បន្ថែមពីលើទំនិញកសិកម្មដែលកសិកម្មមានស្រាប់ កម្ពុជារំពឹងទុកថានឹងពង្រឹងកសិកម្មកែច្នៃមានន័យថាកសិ-ឧស្សាហកម្ម ព្រោះពីដើមកម្ពុជាធ្វើកសិកម្មទៅលើកសិដ្ឋានតូចៗ ហើយនាំចេញផលិតផលជាសាច់ស្រស់ បន្លែស្រស់ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ទីផ្សារចិន ប៉ុន្តែបន្តិចទៀតនៅពេលដែលមានអ្នកវិនិយោគចូលមក កម្ពុជានឹងលើកទឹកចិត្តឲ្យមានការកែច្នៃជាម្ហូបអាហារ ជាផលិតឧស្សាហកម្មដែលកើតចេញពីផលិតផលកសិកម្ម ឧទាហរណ៍៖ ដំឡូងកម្ពុជានាំចេញជាចំណិតដំឡូងផង និងនាំចេញម្សៅមី ម្សៅដំឡូងដែលធ្វើជាថ្នាំពេទ្យផង និងម្សៅដំឡូងដែលសម្រាប់ផលិតជាគ្រឿងសំអាង ។ល។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង