Cc time
Cct850x100 1
Sme laon web banner(1800 x 300)

លោកជំទាវ ជា សិរី៖កម្ពុជាទន្ទឹងរង់ចាំការបង្កើនពាណិជ្ជកម្មជាមួយចិននៅឆ្នាំខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជាទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិននៅឆ្នាំខាងមុខ ខណៈភាពជាដៃគូយុទ្ធសាស្ត្រថ្មីដែលផ្តល់ដោយអាស៊ាន បានផ្តល់ឱកាសយ៉ាងសំខាន់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ដែលកម្ពុជាមានប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុបប្រកបរបរកសិកម្ម។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN)កាលពីថ្ងៃអង្គារ លោកជំទាវ ជា សិរី បានពិភាក្សាអំពីការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាមួយប្រទេសចិន។ លោកជំទាវបានថ្លែងថា កម្ពុជាមានពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ហើយនៅឆ្នាំ ២០២០ តួលេខមួយចំនួនរបស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់ប្រហែល ៨.២ ពាន់លានដុល្លារអាមេរិក ហើយរំពឹងថាវានឹងពង្រីកដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ ។

លោកជំទាវបន្តថា កម្ពុជាក៏ទទួលបានជំនួយអភិវឌ្ឍន៍ជាច្រើនពីរដ្ឋាភិបាលចិន ជាពិសេសក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងក្នុងវិស័យថាមពល ក៏ដូចជាការជីកយករ៉ែ។ ប៉ុន្តែយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ហើយសង្ឃឹមថាវានឹងដំណើរការពេញលេញ ដោយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២អនុញ្ញាតឱ្យយ៉ាងហោចណាស់ ៩០ភាគរយនៃការនាំចេញរវាងប្រទេសទាំងពីរទទួលបានពន្ធសូន្យ។

សូមជម្រាបថា កាលពីថ្ងៃចន្ទ ប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានបង្កើនទំនាក់ទំនងរបស់ខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកជំទាវ ថ្លែងថា ការបង្កើតទំនាក់ទំនងពិសេសបែបនេះនឹងផ្តល់ឱកាសសេដ្ឋកិច្ចយ៉ាងសម្បើមសម្រាប់ប្រទេសអាស៊ាន ជាពិសេសកម្ពុជា។ លោកជំទាវប្រាកដថា ភាពជាដៃគូយុទ្ធសាស្ត្រថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ ជាពិសេស ពីសុន្ទរកថារបស់លោកប្រធានាធិបតី ស៊ី ជិនពីង មានគោលដៅច្បាស់លាស់ ហើយវាមានការសន្យាយ៉ាងមុតមាំ។

លោកប្រធានាធិបតីបានលើកឡើងអំពីជំនួយចំនួន ១.៥ ពាន់លានដុល្លារដល់អាស៊ានសម្រាប់ ក្នុងរយៈពេលបីឆ្នាំខាងមុខ ដើម្បីជាសះស្បើយពីជំងឺកូវីដ-១៩។ លោកក៏បានលើកឡើងអំពីការបង្កើនការនាំចូលពីប្រទេសអាស៊ានដែលមានតម្លៃ ១៥០ ពាន់លានដុល្លារអាមេរិក និងជាពិសេសលើផលិតផលកសិផល។

លោកជំទាវ ជា សិរី បញ្ជាក់ថាក្នុងនាមជាកម្ពុជាជាប្រទេសដែលមានប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុបប្រកបរបរកសិកម្ម ខណៈដីជាច្រើននៅតែមិនទាន់ធ្វើការដាំដុះនោះ លោកជំទាវយល់ឃើញថា សុន្ទរកថារបស់លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសពីការអភិវឌ្ឍន៍ និងឱកាសសេដ្ឋកិច្ចដ៏ធំធេងដល់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង