Yearendyearend1140x150

ឯកឧត្តម ជាម យៀប ពី«ក្មេងវត្ត»ក្លាយជាអនុប្រធានទី១នៃរដ្ឋសភា

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ជាម យៀប  អនុប្រធានទី១ នៃរដ្ឋសភា។រូបភាព៖ រដ្ឋសភាជាតិ

ភ្នំពេញ៖ ឯកឧត្តម ជាម យៀប តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអតីតប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតគាំទ្រជា អនុប្រធានទី១ នៃរដ្ឋសភា ជំនួសតំណែងឯកឧត្តម ងួន ញ៉ិលដែលមរណភាព។ឯកឧត្តម គឺជាអ្នកភូមិ ព្រែកចាម ខេត្តព្រៃវែង និង បានរស់នៅពឹងអាស្រ័យក្នុងវត្តអារាមរយៈពេល ១១ ឆ្នាំ។

ឯកឧត្តម ជាម យៀប កើតនៅឆ្នាំ ១៩៤៦ ក្នុងត្រកូលគ្រួសារក្រីក្រមួយ នៅភូមិព្រែកចាម ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ជាម យៀប មានបងប្អូនចំនួន ៧នាក់ ហើយឯកឧត្តម គឺជាកូនទី៥ នៅក្នុងគ្រួសារ។ដោយសារឪពុកជាព្រះចៅអធិការវត្ត នៅក្មេងឯកឧត្តមរស់នៅពឹងអាស្រ័យក្នុងវត្តក្នុងស្រុកកំណើត។

មុនពេលរបបខ្មែរក្រហមចូលមកដល់ ជាម យៀប បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគរុកោសល្យ នៅឆ្នាំ១៩៦៦ និង បានបំពេញការងារជាគ្រូអនុវិទ្យាល័យ បង្រៀនខាងប្រវត្តិវិទ្យា និងភូមិវិទ្យានៅក្នុងខេត្តរបស់លោក ហើយមួយឆ្នាំក្រោយមក បានក្លាយជានាយកសាលា។

នៅពេលខ្មែរក្រហមវាយប្រហារនៅគ្រប់កន្លែងនៅក្នុងខេត្ត ជាម យៀប ត្រូវបានគេបំពាក់អាវុធធ្វើជាទាហានស្ម័គ្រចិត្ត ដើម្បីគាំទ្ររបប លន់ នល់ ប្រយុទ្ធនឹងរបបខ្មែរក្រហមនៅក្នុងតំបន់អ្នកលឿង។ក្រោយទាហានខ្មែរក្រហមទទួលបានជោគជ័យ ជាម យៀប ត្រូវបានគេចាប់ខ្លួន និង ធ្វើទារុណកម្ម។

នៅចុង ឆ្នាំ១៩៧៧ ឯកឧត្តម និង អ្នកទោសមួយចំនួនទៀតត្រូវបង្ខំឲ្យជីករណ្ដៅកប់ខ្លួនឯង ប៉ុន្តែជាសំណាងល្អនៅពេលនោះ លោកបានសម្រេចចិត្តទាត់ឆ្មាំសន្តិសុខមានវ័យក្មេងតូចឲ្យធ្លាក់ចូលព្រៃឫស្សី ហើយរួចផុតពីការសម្លាប់ ហើយរត់គេចខ្លួនទៅប្រទេសវៀតណាម ហើយត្រូវវៀតណាម ចាប់ខ្លួនដាក់គុករយៈពេល ១៩ ខែ។

នៅពេលទាហាន វៀតណាម គ្រប់គ្រងប្រទេសកម្ពុជា ឯកឧត្តម ជាម យៀប ត្រូវបានដោះលែងឲ្យចេញពីគុកនៅប្រទេស វៀតណាម ហើយបានត្រឡប់មក ខេត្តព្រៃវែង។នៅខែមករា ឆ្នាំ១៩៧៩ ឯកឧត្តម បានធ្វើការនៅក្នុងកិច្ចការនយោបាយ និងឃោសនាការ ចំណាយពេលប្រហែល ១០ ខែ ដើម្បីបង្រៀនមន្ត្រីជាង ៦០០០ នាក់នៅក្នុងភូមិ ឃុំ និង ស្រុកដោយបណ្ដុះបណ្ដាលពួកគេឲ្យយល់ពីគោលនយោបាយថ្ងៃ ទី២ ធ្នូ និង គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ក្រោយរបបខ្មែរក្រហមដួលរំលំ ឯកឧត្តម ជាម យៀប ត្រូវបានតែងតាំងជាអភិបាលខេត្ត និង ជាអនុប្រធានបក្សប្រចាំ ខេត្តព្រៃវែង។នៅឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៧ ឯកឧត្តម ជាម យៀប ត្រូវបានតែងតាំង ជាអនុរដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី។នៅ១៩៨៨ ដល់ ឆ្នាំ១៩៩៣ ឯកឧត្តម បានក្លាយជារដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ហើយក្រោយមកឯកឧត្តម បានជាប់ឆ្នោតជាតំណាងរាស្ត្រ ខេត្តព្រៃវែង និងបានធ្វើជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍នៃរដ្ឋសភាតាំងពី ឆ្នាំ១៩៩៣ ហើយបានធ្វើជាប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្ម។ នៅ ឆ្នាំ២០០៥ លោកត្រូវបានតែងតាំងជាសមាជិកគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជកម្ម នៃសកលវិទ្យាល័យ «NCGU» នៃសហរដ្ឋអាមេរិក USA នៅឆ្នាំ២០០០, បញ្ចប់ថ្នាក់បណ្ឌិត Doctor Degree of Philosophy in Businesslaw Ph.D. ឆ្នាំ២០០៤, ជាប់ជាបណ្ឌិតរដ្ឋ ឆ្នាំ២០០៩ និងទទួលសញ្ញាបត្រថ្នាក់បណ្ឌិតមហាបរិញ្ញា ផ្នែកទស្សនៈវិជ្ជា វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ២០១០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង