Yearendyearend1140x150

និស្សិតមួយក្រុមបើកយុទ្ធនាការ«៦០ថ្ងៃ៖កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ក្នុងគោលបំណងកាត់បន្ថយប្លាស្ទិក

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ និស្សិតឆ្នាំទី៤មួយក្រុមសិក្សានៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍(DMC)នៃសាកលវិទ្យាភូមិន្ទភ្នំពេញ បានរៀបចំនូវយុទ្ធនាការ «៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ដើម្បីចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់កែវប្លាស្ទិក។ យុទ្ធនាការនេះមានការសហការជាមួយនឹងបណ្ដាហាងលក់ភេសជ្ជៈនានាក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចុះតម្លៃលើរាល់ភេសជ្ជៈដែលអតិថិជនកាន់ដបទឹកផ្ទាល់ខ្លួនដើម្បីធ្វើការជាវ។

កញ្ញា ភី កណ្តា ជានិស្សិតសិក្សានៅDMC និងជាអ្នកគ្រប់គ្រងយុទ្ធនាការ«៦០ថ្ងៃ៖កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» បានថ្លែងថា យុទ្ធនាការនេះត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតឆ្នាំទី៤មួយក្រុមសិក្សានៅDMC ក្រោមគម្រោងមួយដែលហៅថាRe-Five ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់កែវប្លាស្ទិកដែលអាចប្រើតែម្ដងហើយបោះចោល និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន។

បើតាមកញ្ញា ភី កណ្តា បានបញ្ជាក់ថា គម្រោង Re-Fiveដោយទទួលបានការគាំទ្រពី ក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រដ្ឋាភិបាលប្រទេសជប៉ុន និងអង្គការយូអិនឌីភីប្រចាំកម្ពុជា និងមានការគាំទ្រដោយផ្ទាល់ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាបន្តថា យុទ្ធនាការនេះជារដូវកាលទី៣ហើយដែលក្រុមនិស្សិតDMCបានបើកដំណើរការកន្លងមកក្រោមគម្រោង Re-Five។

កញ្ញា ភី កណ្តា បានឲ្យដឹងថា យុទ្ធនាការ៦០ថ្ងៃ៖ «កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» នឹងមានសកម្មភាពជាច្រើនទៀតដូចជាការចាប់រង្វាន់សម្រាប់អតិថិជនដែលបានចូលរួមស្កេន QR Code ដែលមាននៅតាមបណ្ដាហាងលក់ភេសជ្ជៈដែលជាដៃគូសហការរបស់យុទ្ធនាការ ដោយគ្រាន់តែចុះឈ្មោះចូលរួម ដើម្បីមានឱកាសក្នុងការឈ្នះរង្វាន់។

សូមជម្រាបថា យុទ្ធនាការ៦០ថ្ងៃ៖ «កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ចាប់ផ្ដើមពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ និងសម្រាប់តែហាងលក់ភេសជ្ជៈដែលជាដៃគូសហការនៃយុទ្ធនាការតែប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង