Yearendyearend1140x150
Img 0571

សម្ដេចហ៊ុន សែន៖កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបជាយន្តការស្នូលភ្ជាប់ប្រជាជន និងប្រជាជនរវាងទ្វីបទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចនាយករដ្ឋមន្រ្តីថ្លែងក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អឺរ៉ុបតាមប្រព័ន្ធអនឡាញ។


ភ្នំពេញ៖ ស្ថិតក្នុងបរិបទដ៏លំបាកនេះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់មួយសម្រាប់ភ្ជាប់ប្រជាជន និងប្រជាជន រវាងទ្វីបទាំងពីរ ហើយលទ្ធផលនៃកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូល និងអនុសាសន៍ដ៏មានតម្លៃសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ នេះបើតាមប្រសាសន៍របស់សម្ដេចហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំភាពជាដៃគូសភាពអាស៊ី-អឺរ៉ុបលើកទី១១។

សម្ដេចបានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ អាទិភាពរបស់កម្ពុជា គឺផ្ដោតសំខាន់លើការលើកកម្ពស់ពហុភាគីនិយមឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនរួមគ្នាក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់នៅក្រោយវិបត្តិ។

សម្ដេចបានមានប្រសាសន៍ថា៖« យើងមិនមានពេលច្រើននោះទេ ពោលគឺយើងនៅសល់ពេលត្រឹម៩ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការគ្រោងទុក។

សម្ដេចបានបញ្ជាក់ថា នាកាលៈទេសៈបច្ចុប្បន្ន មានតែការកៀរគរ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ក្រោមសាមគ្គីភាពជាធ្លុងមួយ ជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបអាចសម្រេចបាននូវការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព។

យ៉ាងណាមិញក្នុងកិច្ចប្រជុំនេះ សម្ដេចបន្ថែមថា ស្ថាប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនុកចិត្ត ការបញ្ចៀសបញ្ហា តាមរយៈការទូតរវាងសភា និងសភា និងសំខាន់បំផុតនោះ គឺការធានាបាននូវទំនុកចិត្តបែបយុទ្ធសាស្រ្ត ពិសេសលើបញ្ហាសន្តិសុខ និងស្ថេរភាព ដែលកាន់តែមានភាពស្មុគស្មាញ និងចាក់ស្រេះខ្លាំងឡើង។ប្រសិនបើគ្មានយន្តការពហុភាគីនិយមមួយដែលរឹងមាំ នោះពុំអាចដោះស្រាយបញ្ហាទាំងអស់ជារួមបានទេ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប នាថ្ងៃនេះ គឺជាសញ្ញាមួយដ៏រឹងមាំដែលបញ្ជាក់ថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ឈានឆ្ពោះទៅរករបៀបវារៈជាអាទិភាពនៃយន្តការពហុភាគីនិយម ហើយកម្ពុជារំពឹងថា គណៈប្រតិភូទាំងអស់នឹងបញ្ចេញមតិយោបល់ និងគំនិតផ្ដួចផ្ដើមនានា ដើម្បីជំរុញឱ្យកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុបទទួលបានលទ្ធផលជោគជ័យជាទីមោទកភាព។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង