Cct850x100 1

តំណាងWHOឱ្យកម្ពុជាពង្រឹងសមត្ថភាពមន្ទីរពិសោធន៍បន្ថែមទោះកូវីដធូរស្រាល

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា

ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានស្នើឱ្យប្រទេសកម្ពុជាត្រូវត្រៀម ក៏ដូចជាពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីឆ្លើយតបរយៈពេលវែងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅពេលអនាគត។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា របស់ក្រសួងសុខាភិបាល» នៅព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២០។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវតែត្រៀមលក្ខណៈក្នុងការឆ្លើយតបក្នុងរយៈពេលវែង ខណៈប្រទេសនៅក្នុងតំបន់ និង ពិភពលោកកំពុងរងការរាតត្បាតនៅឡើយ គឺមានប្រហែល ២.៨០០.០០០នាក់ សម្រាប់ករណីកូវីដ១៩ និងមានករណីស្លាប់រហូតដល់ជិត១៩០.០០០នាក់។

បើតាមលោកស្រី Li Ailan សម្រាប់សមត្ថភាពមន្ទីរពិសោធន៍ គឺមានកម្រឹតផ្សេងៗគ្នា ដូចជានៅកម្ពុជាឋិតនៅក្នុងកម្រឹតដំបូងនៅឡើយកំឡុងពេលផ្ទុះការរាតត្បាត ដូច្នេះសមត្ថភាពមន្ទីរពិសោធន៍ធ្វើបានល្អក្នុងការរុករក ការគ្រោងក្នុងការឆ្លើយតបបន្ទាន់យកសំណាកទៅពិនិត្យនៅមន្ទីរពិសោធន៍ ប៉ុន្តែសម្រាប់ការត្រៀមលក្ខណៈរៀបចំពេលអនាគត ពិសេសឆ្លើយតបក្នុងពេលដែលមានការរាតត្បាតជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍ គឺត្រូវការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍បន្ថែមទៀត។

លោកស្រីតំណាង WHO បានបញ្ជាក់ពីវិធីសាស្រ្តក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ដូចជា ទី១គឺសម្រាប់សមត្ថភាពមន្ទីរពិសោធន៍ ដែលត្រូវធ្វើតេស្តទៅលើកូវីដ១៩ គឺត្រូវតែធ្វើក្រៅពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដូចជាត្រូវមានសម្ភារៈគ្រប់គ្រាន់ មានវគ្គបណ្ដុះបណ្ដាលគ្រប់គ្រាន់ដល់មន្ទីរពិសោធន៍ផ្សេងទៀត ពិសេសមន្ទីរពិសោធន៍ជាតិនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។

ទី២ ក្នុងពេលបច្ចុប្បន្ននេះ គឺនៅមានបញ្ហាទាក់ទងនឹងសម្ភារៈមន្ទីរពិសោធន៍ ប៉ុន្តែសម្រាប់ការត្រៀមលក្ខណៈក្នុងពេលអនាគត គឺយើងឃើញថាសម្ភារៈនៅក្នុងមន្ទីរពិសោធន៍ដែលត្រូវប្រើប្រាស់នេះអាចដោះស្រាយបាន។ ក្នុងនោះចំណុច៣ ដែលពង្រឹងលើសមត្ថភាពមន្ទីរពិសោធន៍ ទី១គឺពាក់ព័ន្ធនឹងវគ្គបណ្ដុះបណ្ដាលទៅលើមន្រ្តីនៅមន្ទីរពិសោធន៍ ដើម្បីឲ្យគាត់មានសមត្ថភាពក្នុងការធ្វើតេស្ត។ ចំណុចទី២ ត្រូវពង្រឹងសមត្ថភាពនេះទៅដល់មន្ត្រីថ្នាក់ខេត្ត ដែលជាយុទ្ធសាស្រ្តមួយសម្រាប់កម្ពុជាផងដែរ។

ចំណុចទី៣ គឺត្រូវពង្រឹងទៅលើសមត្ថភាពក្នុងការសម្របសម្រួលទៅលើផ្នែកសម្ភារៈភស្ថភារ និងបន្តធ្វើការគាំទ្រទៅដល់ក្រសួងសុខាភិបាល និង ធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏ដូចជាអង្គការដៃគូរនានា ដើម្បីធ្វើការត្រៀមលក្ខណៈរួចជាស្រេច ក្នុងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងវិធានការផ្សេងៗទៀតផងដែរ៕

គួរបញ្ជាក់ថា រហូតដល់ម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី ២៧ មេសានេះ ក្រសួងពុំរកឃើញអ្នកជំងឺកូវីដ១៩ ករណីថ្មីទេ ដែលកម្ពុជាមានចំនួនសរុប ១២២ករណីដដែល និងមាន២ករណីជាសះស្បើយនៅភ្នំពេញបន្ថែម ធ្វើអោយអ្នកជាសះស្បើយសរុបកើនដល់ ១១៩នាក់ និងមិនមានអ្នកស្លាប់ទេ


Khcct banner

អត្ថបទទាក់ទង