Yearendyearend1140x150

«សំបុកសត្វស្លាបទឹក»នៅបឹងព្រែកល្ពៅកើនឡើងមានរហូតដល់ជាងបីពាន់សំបុក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ ឈឿន សុជាតិ(ឧទ្យានុរក្ស)និងក្រុមការងារអង្គារជីវិតសត្វស្លាបអន្តរជាតិ។

តាកែវ៖ «សំបុកសត្វស្លាបទឹក»នៅបឹងព្រែកល្ពៅមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២១នេះ បញ្ជាក់ពីភាពប្រសើរឡើងនៃការអភិរក្ស និងបង្ហាញថាបឹងព្រែកល្ពៅពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន។ នេះគឺជាការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ដោយយោងលើលទ្ធផលដែលទទួលបានពីមន្ត្រីអភិរក្ស។

ក្រុមអ្នកអភិរក្សបានរកឃើញថា ការជំរឿនសំបុកសត្វស្លាបជាសកម្មភាពអង្កេតតាមដានថ្មី ដែលត្រូវបានអនុវត្តន៍នៅទីតាំងពងកូននៃសត្វស្លាបទឹកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងឆ្នាំ២០២០និង២០២១នេះ។ នៅក្នុងឆ្នាំ ២០២១ នេះ សំបុកសត្វស្លាបទឹកចំនួន ០៦ ប្រភេទត្រូវបានកត់ត្រាដែលក្នុងនោះរួមមាន៖ សំបុកសត្វចង្កៀលខ្យងចំនួន២៩៣១ សម្បុក ក្អែកទឹកតូចចំនួន ២៨៥ សំបុក សត្វខ្វែក ១៨០ សំបុក សត្វស្មោញ៣២ សំបុក ក្រសារប្រផេះ៣០ សំបុក សាធ្នង់២២ សំបុក។ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងមក ក្រុមអភិរក្សបានសង្កេតឃើញថា សំបុកសត្វទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលបានបង្ហាញថា បឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន។

ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សរវាងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងអង្គការ អង្គការជីវិតស្លាបអន្តរជាតិអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT។ ឯកឧត្តមបានថ្លែងថាកំណើនឡើងនូវប្រភេទ សត្វស្លាបទឹកទាំងនេះ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្សដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើងនៅក្នុងការងារការពារនិងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស។

លោកប៊ូ វរសក្ស នាយកអង្គការBirdLife in Cambodia បានមានប្រសាសន័ថា៖ «តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ដីសើមដ៏សំខាន់ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសកម្ពុជា តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទក្នុងនោះមានសត្វស្លាប់កម្រនិងជិតផុតពូជដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀលជាដើម។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា កំណើនប្រភេទសត្វនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានធ្វើឱ្យតំបន់នេះកាន់តែមានសារៈសំខាន់ និងមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការការពារ និងអភិរក្សតំបន់នេះ។ ឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរពាក់ ព័ន្ធចូលរួមក្នុងការអភិរក្សតំបន់បឹងព្រែកល្ពៅនេះឱ្យបានគង់វង្ស និងចាត់វិធានការច្បាប់នានាប្រឆាំងនឹង អ្នកដែលទន្ទ្រានកាន់កាប់ដីអភិរក្សខុសច្បាប់ ដើម្បីរក្សាបាននូវទីជម្រក ក៏ដូចជាកន្លែងរកចំណី និងប្រភព ទឹកសម្រាប់សត្វរស់នៅជាពិសេស ប្រភេទសត្វស្លាបកម្រៗ៕

ប្រភពរូប៖ ឈឿន សុជាតិ(ឧទ្យានុរក្ស)និងក្រុមការងារអង្គារជីវិតសត្វស្លាបអន្តរជាតិ។
ប្រភពរូប៖ ឈឿន សុជាតិ(ឧទ្យានុរក្ស)និងក្រុមការងារអង្គារជីវិតសត្វស្លាបអន្តរជាតិ។
ប្រភពរូប៖ ឈឿន សុជាតិ(ឧទ្យានុរក្ស)និងក្រុមការងារអង្គារជីវិតសត្វស្លាបអន្តរជាតិ។
ប្រភពរូប៖ ឈឿន សុជាតិ(ឧទ្យានុរក្ស)និងក្រុមការងារអង្គារជីវិតសត្វស្លាបអន្តរជាតិ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង