Yearendyearend1140x150

មេដឹកនាំអាមេរិកនិងចិនគ្រោងនឹងធ្វើកិច្ចពិភាក្សាតាមវីដេអូនៅថ្ងៃទី១៥ខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង(Xi Jin Ping)

អាមេរិក-ចិន៖ យោងតាមគេហទំព័រព័ត៌មានអាមេរិក Politico បានរាយការណ៍កាលពីថ្ងៃពុធថា កិច្ចពិភាក្សាតាមវីដេអូទ្វេភាគីរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង(Xi Jin Ping)ត្រូវបានគេរំពឹងថានឹងប្រារព្ធឡើងនៅយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ខាងមុខ។

ប្រភពដដែលបានចង្អុលបង្ហាញទៀតថា កិច្ចពិភាក្សាកំពូលនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការកំណត់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក ទោះជាយ៉ាងណាក៏ដោយ ប្រធានបទក្តៅៗ រួមមានកោះតៃវ៉ាន់ ស៊ីនជាំង និងហុងកុង មិនត្រូវបានរំពឹងថា នឹងសម្រេចបាននូវរបកគំហើញធំដុំនោះទេ។

ប៉ុន្តែកិច្ចពិភាក្សាអាចដាក់សំណើលើប្រធានបទមួយចំនួន រួមមាន ការបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការ បង្កើតកិច្ចសន្ទនាអាវុធនុយក្លេអ៊ែរទ្វេភាគី និងក្របខណ្ឌដែលអាចធ្វើទៅបានសម្រាប់ការបន្ធូរបន្ថយជម្លោះក្នុងពាណិជ្ជកម្ម។ល។ ការប្តេជ្ញាចិត្តនេះបានបង្ហាញថា ភាគីចិននិងអាមេរិក រំពឹងទុកថា នឹងផ្លាស់ប្តូរពីការប្រឈមមុខដាក់គ្នាទៅជាកិច្ចសហប្រតិបត្តិការវិញ។

រហូតមកដល់ពេលនេះ សេតវិមានសហរដ្ឋអាមេរិក និង ក្រសួងការបរទេសមិនបានបញ្ជាក់ពី ព័ត៌មាន ខាងលើនោះទេ។ អ្នកនាំពាក្យរងរបស់សេតវិមានលោកស្រី Karine Jean-Pierre បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាជាគោលការណ៍ក្នុងការធ្វើកិច្ចពិភាក្សាតាម វីដេអូរបស់មេដឹកនាំនៅក្នុងឆ្នាំនេះ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ភាគីទាំងពីរក្នុងការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរប្រកបដោយការទទួលខុសត្រូវ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិន ពីន (Wang Wen Bin) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយកាលពីថ្ងៃពុធថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងរក្សាទំនាក់ទំនងជិតស្និទ្ធលើការរៀបចំជាក់លាក់សម្រាប់កិច្ចពិភាក្សាតាមវីដេអូរបស់ប្រមុខរដ្ឋទាំងពីរ។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានដកស្រង់សម្តីអ្នកដែលដឹងរឿងផ្ទៃក្នុងបានឪ្យដឹងថា កិច្ចពិភាក្សាតាមវីដេអូនេះ មេដឹកនាំចិន និងអាមេរិកនឹងមិនពិភាក្សា អំពីការបើកឡើងវិញនៅអគ្គស្ថានអគ្គកុងស៊ុលអាមេរិកនៅទីក្រុង ឆឹង ទូ(Cheng Du) និងអគ្គកុងស៊ុលចិននៅទីក្រុងហ៊ូស្តុននោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង