Yearendyearend1140x150

កម្ពុជាតាំងចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ថ្នាក់ដឹកនាំក្រសួងបរិស្ថានចូលរួមកិច្ចប្រជុំCOP26 នៅចក្រភពអង់គ្លេស។
រូបភាព៖ ក្រសួងបរិស្ថាន 

ភ្នំពេញ៖ ក្នុងនាមជាប្រទេសបញ្ចេញឧស្មនផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈយន្តការ៤ចំណុច។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមសាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)នៅចក្រភពអង់គ្លេស កាលពីថ្ងៃម្សិលមិញ។ 

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បីចូលរួមដោះស្រាយបញ្ហាអាកាសធាតុមានផែនការ៤ចំណុចគឺ ទីមួយ)កម្ពុជាបានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០ មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់កម្ពុជា ទីពីរ)កម្ពុជាមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី ទីបី) កម្ពុជាមិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ និងទីបួនគឺកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០»។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា៖« នេះគឺជាការជួបជុំដែលមិនធ្លាប់មានពីមុនមកដោយសារតែជំងឺរាតត្បាតកូវីដ ១៩ និងដោយសារតែការប្រែប្រួលអាកាសធាតុលែងជាពាក្យចចាមអារ៉ាមទៀតហើយ។ ការប្រែប្រួលអាកាសធាតុក៏ដូចជាជំងឺរាតត្បាតសកលផងដែរមិនបញ្ឈប់ត្រឹមព្រំដែនរបស់យើងទេ ហើយវត្តមានរបស់យើងនៅទីនេះជាសញ្ញាដែលធានាថាក្នុងនាមជាមេដឹកនំាពិភពលោក យើងមិនបោះបង់ការទទួលខុសត្រូវរួមរបស់យើងចំពោះសកម្មភាពអាកាសធាតុទេ»។

ឯកឧត្តមបានគូសបញ្ជាក់ថា ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ជាពិសេសសម្រាប់ផ្នែកការបន្ស៊ាំ ដែលឃើញថានៅតែមានការលំបាកក្នុងការទទួលបាន សម្រាប់ប្រទេសដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុ។

យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក៏បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែករបស់ប្រទេសទាំងនោះចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀតក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់។

សូមជម្រាបជូនថា កម្ពុជាបានដាក់ជូននូវរបាយការណ៍ Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២% ត្រឹមឆ្នំា ២០៣០។ ជាងនេះកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង