Yearendyearend1140x150

សង្រ្គាមពាក្យសម្តីរវាងប៉ូឡូញនិងបេឡារុស្សកាន់តែខ្លាំងឡើងក្នុងបញ្ហាជនចំណាកស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សង្រ្គាមពាក្យសម្តីរវាងប៉ូឡូញនិងបេឡារុស្សកាន់តែខ្លាំងឡើងក្នុងបញ្ហាជនចំណាកស្រុក ប្រភពរូប៖ RT

ប៉ូឡូញ-បេឡារុស្ស៖ វិបត្តិជនចំណាកស្រុកនៅតែបន្តនៅព្រំដែនប៉ូឡូញ-បេឡារុស្ស ដោយមានមនុស្សរាប់រយនាក់បោះជំរុំក្នុងស្ថានភាពដ៏លំបាក ខណៈដែលពួកគេស្វែងរកការចូលទៅក្នុងសហភាពអឺរ៉ុប។ ខណៈ ជម្លោះពាក្យសម្ដីរវាងភាគីទាំងពីរកំពុងឡើងកំដៅ។

ការប្រឈមមុខដាក់គ្នាបានឈានចូលដល់ថ្ងៃទី ២ ដែលបានកើតឡើងកាលពីថ្ងៃអង្គារ ដោយអ្នកស្វែងរកសិទ្ធិជ្រកកោន បានបោះជំរុំនៅផ្នែកខាងព្រំដែនប្រទេសបេឡារុស្សពេញមួយយប់។ តាមការប៉ាន់ប្រមាណរបស់ប៉ូឡូញ មនុស្សរហូតដល់ ៤,០០០ នាក់នៅតែស្ថិតនៅព្រំដែនជាមួយនឹងក្រុមដ៏ធំបំផុតដែលបានប្រមូលផ្តុំនៅជិតច្រកព្រំដែន Kuznica-Bruzhi ។

ជនចំណាកស្រុកប្រហែល ១០,០០០ នាក់ទៀតត្រូវបានគេជឿថា ស្ថិតនៅកន្លែងផ្សេងទៀតក្នុងប្រទេសបេឡារុស ដោយធ្វើដំណើរឆ្ពោះទៅព្រំដែន ដើម្បីព្យាយាមចូលទៅក្នុងសហភាពអឺរ៉ុប។ ប្រទេសប៉ូឡូញបានដាក់ពង្រាយប៉ូលីស និងកងទ័ពបន្ថែមទៀត ខណៈដែលជនចំណាកស្រុកព្យាយាមដណ្តើមយកព្រំដែន ដោយការកាប់ដើមឈើដាក់តាមរបងបន្លាលួស។

ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បាននិយាយថា ការប្រមូលផ្តុំកងទ័ព គឺពិតជាចាំបាច់ដើម្បីការពារប្រទេស និងសហភាពអឺរ៉ុបទាំងមូលពី “ការវាយប្រហារ” ដោយ“របបបេឡារុស្ស”។ លោកបន្តថា «បច្ចុប្បន្នយើងមានជំរុំជនចំណាកស្រុកដែលត្រូវបានរារាំងពីខាងបេឡារុស្ស ប្រហែល ១,០០០ នាក់នៅទីនោះ ភាគច្រើនជាបុរសវ័យក្មេង។ ទាំងនេះគឺជាសកម្មភាពឈ្លានពានដែលយើងត្រូវបណ្តេញចេញ ដោយបំពេញកាតព្វកិច្ចរបស់យើងក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប»។

តែទោះជាយ៉ាងណា ការប្រមូលផ្តុំកងទ័ពរបស់ប៉ូឡូញ ត្រូវបានរិះគុណដោយ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ហើយលោកបានច្រានចោលការចោទប្រកាន់ថា "វាយប្រហារ" ប្រទេសប៉ូឡូញ។ លោកបន្តថា គាត់មិនមែនជា "មនុស្សឆ្កួត" ដើម្បីស្វែងរកជម្លោះនៅអឺរ៉ុបទេ។

សហភាពអឺរ៉ុបបានអះអាងឡើងវិញនូវការចោទប្រកាន់របស់ខ្លួន ចំពោះថ្នាក់ដឹកនាំប្រទេសបេឡារុស្ស ពីបទ “ប្រើប្រាស់អាវុធ” ។ នេះគឺជាផ្នែកមួយនៃវិធីសាស្រ្តបែបអមនុស្សធម៌ និង ទំនើងនៃរបប លោក Lukashenko ដែលគាត់កំពុងកុហកមនុស្ស និងនាំពួកគេទៅកាន់ប្រទេសបេឡារុស្ស ក្រោមការសន្យាមិនពិតថា មានភាពងាយស្រួលក្នុងការចូលសហភាពអឺរ៉ុប"។

នាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki បានចោទប្រកាន់ថា ជនចំណាកស្រុកដែលប្រមូលផ្តុំនៅព្រំដែនមិនមែនជាអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ទេ ប៉ុន្តែជា “ខែលមនុស្ស” ដែលនាំមកដោយចេតនាដើម្បី “អស្ថិរភាព” ប្រទេសជិតខាង និងសហភាពអឺរ៉ុបទាំងមូល។

ស្ថានភាពជនចំណាកស្រុកនៅតាមព្រំដែនរវាងប្រទេសបេឡារុស និងប្រទេសជិតខាងអឺរ៉ុបកាន់តែយ៉ាប់យ៉ឺនជាបណ្តើរៗក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីទីក្រុង Minsk បាននិយាយថា ខ្លួនបានជ្រើសរើសបញ្ឈប់ការបង្វែរអ្នកដែលស្វែងរកការចូលសហភាពអឺរ៉ុបវិញ ជាការសងសឹកចំពោះទណ្ឌកម្មដែលដាក់ដោយប្លុកនៅទីក្រុងប្រ៊ុចសែល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង