Yearendyearend1140x150

ជីវភាពមគ្គុទេសក៍ទេសចរណ៍ផ្តើមរស់រវើកបន្តិចក្រោយការប្រកាសបើកប្រទេសកម្ពុជាឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ហៀក សេងហួត មគ្គទេសក៍ទេសចរណ៍នៅតំបន់អង្គរ (រូបភាព៖ Thmey Thmey 25 News) 

ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអាជីវកម្មនានាបើកដំណើរការឡើងវិញ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្តនៅទូទាំងប្រទេសនោះ លោក ហៀក សេងហួត មគ្គទេសក៍ទេសចរណ៍មួយរូបនៅតំបន់អង្គរ បានឱ្យដឹងថា ភ្ញៀវទេសចរចាប់ផ្តើមមកកម្សាន្តនៅតំបន់អង្គរវិញជាបណ្តើរៗ ហើយបានធ្វើឱ្យរូបលោក ក៏ដូចជាមគ្គុទេសក៍ទេសចរណ៍ដទៃទៀតអាចដោះស្រាយជីវភាពរស់នៅបានមួយកម្រិត។

លោក ហៀក សេងហួត បានបង្ហាញពីអារម្មណ៍យ៉ាងសប្បាយរីករាយមកកាន់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ក្នុងនាមលោកជាមគ្គទេសក៍ទេសចរណ៍មួយរូបនៅតំបន់អង្គរ លោកពិតជាមានភាពសប្បាយចិត្តយ៉ាងខ្លាំង ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ព្រោះប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្តបានឡើងវិញនៅទូទាំងប្រទេស ហើយនៅរមណីយដ្ឋានអង្គរចាប់ផ្តើមមានភ្ញៀវទេសចរមកកម្សាន្តច្រើនឡើងវិញដែរ ជាពិសេសនៅរៀងរាល់ចុងសប្តាហ៍។

លោកបន្តថា សព្វថ្ងៃនេះ ចំណូលរបស់លោកពីការងារជាមគ្គទេសក៍ទេសចរណ៍នៅតំបន់អង្គរបានកើនឡើងបន្តិច ដែលអាចជួយដោះស្រាយក្នុងការចំណាយលើការហូបចុច ការបង់ថ្លៃសាលារៀនកូនៗ និងការចំណាយការបង់ធានាគារ ជាដើម។

ទន្ទឹមនឹងនេះ លោកបន្ថែមថា លោកនឹងពង្រឹងការយល់ដឹង និងចំណេះនៅក្នុងតួនាទីជាមគ្គុទេសក៍ទេសចរណ៍ឱ្យកាន់តែល្អ ដើម្បីចែករំឡែកចំណេះដឹង ក៏ដូចជាប្រវត្តិសាស្រ្តប្រាសាទអង្គរវត្តជូនភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់អង្គរ ក៏ដូចជាការត្រៀមខ្លួនឱ្យរួចជាស្រេចដើម្បីទទួលទេសចរណ៍វ៉ាក់សាំងដែលរដ្ឋាភិបាលបានកំណត់យកខេត្តសៀមរាបសម្រាប់ឱ្យទេសចរបរទេសមកកម្សាន្តនៅខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថា លោក ហៀក សេងហួត ជាមគ្គទេសក៍ទេសចរណ៍មួយរូបនៅតំបន់អង្គរ ដែលបានបានប្រកបរបរនេះអស់រយៈពេលជាង២០ឆ្នាំ ហើយលោកតែងបង្កើតវីដេអូនិយាយអំពីប្រវត្តិការណ៍របស់ប្រាសាទនានានៅក្នុងតំបន់អង្គរបង្ហោះនៅលើបណ្តាញសង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង