Yearendyearend1140x150

ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញពន្លាជាតិក្នុងពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤នៅសៀងហៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ កម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្រិតពិភពលោកមួយនេះ បានចំនួន៤លើកហើយ។ នៅក្នុងការចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ឆ្នាំ២០២១នេះ ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើងតាមរចនាបថខ្មែរសម័យទំនើបតាមទម្រង់ 3D ដោយមានដាក់តាំងបង្ហាញផលិតផលសក្តានុពល រូបភាពស្តីពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវីដេអូផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ ក្នុងពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ (The 4th China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ (Hongqiao International Economic Forum)” ដែលរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។

នៅក្នុងឱកាសនេះ ឯកឧត្តមបញ្ជាក់ថា នេះគឺជាលើកទី៤ ដែលប្រទេសកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនកម្រិតពិភពលោកមួយនេះ។ សម្រាប់ឆ្នាំ២០២១នេះ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀត មិនបានដឹកនាំគណៈប្រតិភូទៅចូលរួមដោយផ្ទាល់ទេ។

ឯកឧត្តមបន្តថា ក្រសួងពាណិជ្ជកម្មបានរៀបចំពន្លាជាតិមួយ និងក្រុមហ៊ុនកម្ពុជាចំនួន៥ ចូលរួមពីចម្ងាយតាមប្រព័ន្ធអនឡាញ និងបានសម្របសម្រួលឱ្យក្រុមហ៊ុនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ដែលមានសាខា និងផលិតផលនៅប្រទេសចិនស្រាប់ចូលរួមតាំងពិព័រណ៍ដោយផ្ទាល់ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបញ្ជាក់ថា ទំនិញដែលមានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះរួមមាន ផលិតផលម្ហូបអាហារនិងភេសជ្ជៈ ផលិតផលនិងសម្ភារៈកសិកម្ម យានយន្ត ឧបករណ៍បច្ចេកទេស ទំនិញប្រើប្រាស់ទូទៅ ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ និងពាណិជ្ជកម្ម លើវិស័យសេវាកម្មជាច្រើនពាន់ប្រភេទ។

សូមជម្រាបជូនថា ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានក្រុមហ៊ុនចូលរួមចំនួន ២៩០០ មកពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកចំនួន១៤៣ រួមទាំងកម្ពុជាផងដែរ។ ក្នុងនោះ មានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥៨ បានរៀបចំសាងសង់ពន្លាជាតិចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។

ចំពោះអ្នកទស្សនាដែលមានការចាប់អារម្មណ៍អាចចូលទស្សនាពន្លាជាតិកម្ពុជា តាមរយៈតំណភ្ជាប់គេហទំព័ររបស់គណៈកម្មការរៀបចំពិព័រណ៍https://country.ciie.org/2021/Cambodia/index.html?lang=zh_CN ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង