Yearendyearend1140x150

កម្ពុជាប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយហុងកុងក្រោយវិបត្តិកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នៅក្នុងឱកាសថ្លែងសុន្ទរកថា (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ កម្ពុជាប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយហុងកុង ប្រទេសចិន ក្នុងការលើកកម្ពស់ និងសម្រួលដល់សហគមន៍ធុរកិច្ច ព្រមទាំងបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចរបស់ហុងកុង ក្នុងការចូលរួមវិនិយោគបន្ថែមទៀតលើវិស័យសំខាន់ៗ រួមមាន បច្ចេកវិទ្យា និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល សុខុមាលភាពសាធារណៈ ក្នុងការជួយក្នុងតំបន់ដើម្បីសម្រេចបាននូវកំណើនប្រកបដោយបរិយាប័ន្ន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នៅក្នុងការថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាស្តីពី “ភាពជាដៃគូរវាងកម្ពុជា-ហុងកុង លើការស្តារឡើងវិញក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩” ឯកឧត្តមបានកោតសរសើរចំពោះឯកឧត្តម Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចហុងកុង ប្រទេសចិន លើកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចពិភាក្សានេះ ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។

ឯកឧត្តមក៏បានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ប្រកបដោយជោគជ័យដ៏ធំធេង ដែលជាកត្តាសំខាន់ៗក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា រួមទាំងប្រសាសន៍ដ៏សំខាន់របស់សម្តចតេជោនាយករដ្ឋមន្រ្តី ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសឲ្យបើកដំណើរការឡើងវិញលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះ តទៅ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបពីទំនាក់ទំនងសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្ម ក៏ដូចជាកាលានុវត្តន៍ភាពបើកទីផ្សារវិនិយោគ និងធុរកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងហុងកុង ក្រោយវិបត្តិកូវីដ-១៩។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីការបេ្តជ្ញារបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយហុងកុង ប្រទេសចិន ក្នុងការលើកកម្ពស់ និងសម្រួលដល់សហគមន៍ធុរកិច្ច ព្រមទាំងបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចរបស់ហុងកុង ក្នុងការចូលរួមវិនិយោគបន្ថែមទៀតលើវិស័យសំខាន់ៗ រួមមាន៖ បច្ចេកវិទ្យា និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល សុខុមាលភាពសាធារណៈ ក្នុងការជួយក្នុងតំបន់ដើម្បីសម្រេចបាននូវកំណើនប្រកបដោយបរិយាប័ន្ន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង