Yearendyearend1140x150

តម្រូវការសាច់សត្វនៅទីផ្សារកម្ពុជាមិនទាន់ប្រែប្រួល ទោះបីរដ្ឋាភិបាលបើកប្រទេសឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អាជីវករលក់សាច់ជ្រូកនៅផ្សារមួយនៃរាជធានីភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះតទៅដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ និង អាជីវកម្មនានាបើកដំណើរការឡើងវិញ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្តនៅទូទាំងប្រទេស។ បើទោះជាស្ថានភាពក្នុងប្រទេសកម្ពុជាចាប់ផ្តើមមានភាពអ៊ូអរឡើងវិញក៏ដោយ ក៏តម្រូវការសាច់សត្វក្នុងទីផ្សារកម្ពុជា ក៏ដូចជាការចិញ្ចឹមនៅពុំទាន់មានការកើនឡើងនោះឡើយ ហើយតម្លៃក៏មិនមានការឡើងថ្លៃនោះដែរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីការបើកប្រទេសឡើងវិញ សង្កេតឃើញថាអាជីវកម្មបាន បើកដំណើរការវិញទាំងអស់ ដោយឡែកតម្រូវការសាច់សត្វលើទីផ្សារ ក៏ដូចជាការចិញ្ចឹមនៅពុំទាន់មានបម្រែមប្រួល ឬកើនឡើងនោះទេ។ រីឯតម្លៃក៏មិនទាន់មានការកើនឡើងដែរ ជាមួយ តម្រូវ, ការចិញ្ចឹម និងតម្លៃ គឺនៅដដែល ប្រហាក់ប្រហែលនឹងពេល មិនទាន់មានការប្រកាសឱ្យបើកប្រទេស។

លោកបន្តថា សាច់សត្វដែលមានតម្រូវការខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា គឺសាច់ជ្រូក ដែលក្នុងមួយថ្ងៃមានតម្រូវការចន្លោះពី៨ពាន់-៩ពាន់ក្បាល។ រីឯតម្លៃសាច់ជ្រូកក្នុងទីផ្សារវិញ គឺលក់ទៅតាមប្រភេទសាច់ សម្រាប់សាច់ជ្រូកសុទ្ធគឺនៅត្រឹម ១,៨០០០រៀលក្នុងមួយគីឡូក្រាមតែប៉ណ្ណោះ ចំពោះសាច់ជ្រូក៣ជាន់នៅត្រឹម២ម៉ឺនរៀល ដែលតម្លៃអាចចុះ៥ពាន់រៀលក្នុងមួយគីឡូក្រាម។

លោកបន្ថែមថា មកទល់ពេលនេះ សម្រាប់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ក៏ដូចជាកសិករចិញ្ចឹមសត្វ នៅតែបន្តមានផលប៉ះពាល់លើតម្លៃសាច់ជ្រូក និងសាច់មាន់ ដោយបានតម្លៃត្រឹមស្មើដើម ឬខាតតិចតួច។ ការធ្លាក់ថ្ងៃនេះគឺដោយសារតែការចិញ្ចឹមមានការកើនឡើង ខណៈតម្រូវការនៅរក្សាស្ថិរភាពដដែល។ ចំពោះបញ្ហាជំងឺសត្វគឺមានតិចតួចតែប៉ុណ្ណោះ ជារួមអាចការពារបាន។

លោកសង្ឃឹមថា នៅពេលប្រទេសកម្ពុជាបានបើកដំណើរបានមួយរយៈធំ តម្រូវការសាច់សត្វនៅទីផ្សារកម្ពុជាអាចនឹងមានការកើនឡើង ព្រោះអាជីវកម្មនានាក៏ត្រូវបានដំណើរការ ហើយប្រជាពលរដ្ឋក៏ចាប់ផ្តើមចេញដើរកម្សាន្តដោយសុវត្ថិភាព ជាពិសេសការហូបចុកក៏នឹងត្រូវកើនឡើងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង